រដ្ឋមន្ត្រីការបរទេសអូម៉ង់ និងអារ៉ាប៊ីសាអូឌីត ជួបពិភាក្សាគ្នាស្តីពីសន្តិសុខដែនសមុទ្រនៅច្រកសមុទ្រហ័រមូស
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអូម៉ង់លោក សាយយីដ បាដឺ ប៊ីន ហាម៉ាដ អាល់ ប៊ូសៃឌី (Sayyid Badr bin Hamad Al Busaidi) បានជួបជាមួយសមភាគីអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន់ អាល់ ស៊ូដ (Faisal bin Farhan Al Saud)កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីសន្តិសុខដែនសមុទ្រនៅក្នុងច្រកសមុទ្រហ័រមូស។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងការបរទេសអូម៉ង់ បានឱ្យដឹងថា រដ្ឋមន្ត្រីទាំងពីររូបបានផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍក្នុងតំបន់ទាក់ទងនឹងការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូសនិងបានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃផ្លូវទឹកចំពោះពាណិជ្ជកម្មនិងថាមពលសកល។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា ពួកគេបានជំរុញឱ្យមានដំណោះស្រាយការទូតដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ និងការពារសុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍តាមសមុទ្រ។
រដ្ឋមន្ត្រីទាំងពីររូបក៏បានពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគី និងបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការសម្របសម្រួលប្រកបដោយចីរភាព។
បន្ទាប់ពីការប៉ះទង្គិចគ្នាជុំចុងក្រោយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចាប់ពីយប់ថ្ងៃអង្គារដល់ថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំកំពូល NATO កាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត «យ៉ាងខ្លាំងនៅយប់នេះ»។
ដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់នេះ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ ដោយដកស្រង់ប្រភពព័ត៌មានមួយបានរាយការណ៍នៅពេលក្រោយនៃថ្ងៃនោះថា អ៊ីរ៉ង់នឹងបិទច្រកសមុទ្រហ័រមូស ហើយវាយប្រហារលើគោលដៅបន្ថែមទៀត ប្រសិនបើសហរដ្ឋអាមេរិកមានការវាយប្រហារថ្មីណាមួយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





