កូនឈើចំនួន ៣០០ដើម ត្រូវបានដាំដុះក្នុងរុក្ខទិវា ៩ កក្កដា ២០២៦ នៅស្រុកកំពង់សីលា
AKP ព្រះសីហនុ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦--នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំពង់សីលា បានរៀបចំពិធីដាំកូនឈើ ចំនួន៣០០ដើម ដែលមានប្រភេទដើមក្ងោក ដើមឈើទាល និងដើមគគីរ នៅក្នុងបរិវេណទី ប្រជុំជនឃុំកំពង់សីលា ស្រុកកំពង់សីលា ក្នុងឱកាសពិធីរុក្ខទិវា ៩កក្កដា ២០២៦ ដោយមានការ អញ្ជើញចូលរួមពីលោក ដឹក ហ៊ួ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឆាយ សុគន្ធដា អភិបាលនៃ គណៈអភិបាលស្រុកកំពង់សីលា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរភូមិ ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន កំពង់សិលា និងវិទ្យាល័យ ហ៊ុន សែន កំពង់សិលាផងដែរ។

លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានឱ្យដឹងថា ពិធីរុក្ខទិវា ៩កក្កដា ២០២៦នេះ គឺជាឱកាសដ៏មានតម្លៃក្នុងការបំផុសឱ្យបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចូលរួមលើកកម្ពស់ការដាំដើមឈើ ការអភិរក្សព្រៃឈើ និងការការពារ បរិស្ថាន ដើមឈើមួយដើមដែលយើងបានធ្វើការដាំនៅថ្ងៃនេះ នឹងផ្តល់ម្លប់ ខ្យល់បរិសុទ្ធ ការពារប្រភពទឹក និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនាពេលអនាគត។

លោកអភិបាលស្រុកកំពង់សីលា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមដាំ និង ថែរក្សាដើមឈើ ដើម្បីបន្សល់ទុកបរិស្ថានបៃតង ស្រស់ស្អាត និងប្រកបដោយចីរភាព សម្រាប់កូន ចៅជំនាន់ក្រោយ "ដាំដើមឈើមួយដើមថ្ងៃនេះ គឺជាការផ្តល់ជីវិតដល់ផែនដីនៅថ្ងៃស្អែក" ដូច្នេះយើងត្រូវបំផុសគំនិតឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ព្រៃឈើ ព្រោះវាផ្តល់ផលប្រយោជន៍ ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ជួយការពាររនាំងការពារព្យុះ ការពារទឹកជំនន់ជាដើម ម្យ៉ាងទៀត ព្រៃឈើក៏បានផ្តល់អនុផល ព្រៃឈើសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍បានថែមទៀតផង ដូចនេះ យើងត្រូវរួមគ្នាថែរក្សា ការពារ និងអភិរក្សព្រៃឈើ ទាំងឈើហូបផ្លែ និងឈើគ្រប់ប្រភេទ៕


ដោយ ងូ សុមុនី





