គណ:កម្មការជំនាញនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៦--គណ:កម្មការជំនាញនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ដែលមាន បំណងលើកកម្ពស់ផលប្រយោជន៍ជាតិ ជំរុញការអភិវឌ្ឍវិស័យឧស្សា ហកម្ម សិប្បកម្ម និងបច្ចេកទេសឱ្យកាន់តែរីកចម្រើន។

គណ:កម្មការកិច្ចការបរទេស សហប្រតិ បត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្ម ការទី៥) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្ត ម សួស យ៉ារ៉ា ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ និងមានការចូលរួមពីតំណាងគណៈកម្មការនានា នៃរដ្ឋសភា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានជួបប្រជុំជាមួយ តំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ និងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម និងបច្ចេកទេសឱ្យកាន់តែរីកចម្រើន ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សេចក្តីព្រាងច្បាប់ដែលលើកយកមកពិភាក្សានាពេលនេះ រួមមាន៖
១.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទៅវិញទៅមក។
២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់អគារសំណង់
៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទៅវិញទៅមកតាមផ្នែកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះមិនមែនធ្វើឡើងក្នុងកិច្ចពិភាក្សាដេញដោលនោះទេតែជាកិច្ចពិភាក្សាពិនិត្យលើសេចក្តីព្រាងច្បាប់ ឱ្យមានលក្ខណៈស៊ីជម្រៅ និងស្របតាមទម្រង់ច្បាប់ដោយផ្តោតលើការពិនិត្យខ្លឹមសារ និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ នីមួយៗដើម្បីធានាថា សេចក្តីព្រាងច្បាប់មានភាពគ្រប់ជ្រុងជ្រោយស្របតាមរដ្ឋធម្មនុញ្ញ និងគោល នយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ដោយពន្យល់ពីអត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ទាំង៣ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទៅវិញទៅមកនឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាជាច្រើនគឺ ទី១-ផ្តល់នូវមូលដ្ឋានដល់ប្រតិភូកម្ពុជាដែលជាសមាជិកគ្រប់គណៈកម្មការ និងក្រុមការងារ អាស៊ានទាំងអស់ ប្រើប្រាស់ជាមូលដ្ឋានក្នុងការរក្សាគោលជំហររបស់ខ្លួននៅក្នុងការរៀបចំកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកផលិតផលឬសេវាកម្ម ដែលនឹងត្រូវធ្វើពាណិជ្ជកម្មក្នុងទីផ្សារអាស៊ាន។ ទី២-ផ្តល់នូវមូលដ្ឋាន និងជាបន្ទាត់ដល់គ្រប់ផលិតកម្ម និងអាជីវកម្ម ធ្វើការកែលម្អប្រព័ន្ធផលិតកម្មរបស់ខ្លួន សម្រាប់ធ្វើឱ្យមានលំហូរដោយសេរីនូវផលិតផល ជាមូលដ្ឋានរបស់កម្ពុជាក្នុងទីផ្សារអាស៊ាន។ ទី៣-ពង្រឹងដល់សមត្ថភាពរបស់អង្គភាព ចេញវិញ្ញាបនបត្រអង្គភាព ធ្វើតេស្ត និងអង្គភាពធ្វើអធិការកិច្ចរបស់កម្ពុជាឱ្យបំពេញស្របតាមស្តង់ដាជាតិ និងគោលការណ៍នៃកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកផលិតផលឬសេវាកម្មនីមួយៗ។ ទី៤-កាត់បន្ថយការខាតបង់នូវធនធានសេដ្ឋកិច្ច និងធនធានគាំទ្រទៅលើការធ្វើឡើងវិញនូវសេវាកម្ម ផ្តល់វិញ្ញាបនបត្រ ធ្វើតេស្ត និងធ្វើអធិការកិច្ចទៅលើផលិតផលតែមួយដូចគ្នា និងទី៥-ជំរុញឱ្យការធ្វើពាណិជ្ជកម្មតាមវិស័យ ឬតាមផ្នែកផលិតផលឬសេវាកម្មនីមួយៗប្រកបដោយសមធម៌ និងលើកកម្ពស់ភាពប្រកួតប្រជែងដោយសុចរិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបន្តថា៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់អគារ សំណង់ការផ្តល់សច្ចាប័នគឺនឹងទទួលបានអត្ថប្រយោជន៍ផ្តល់ជាមូលដ្ឋាន សម្រាប់ពង្រឹង និងសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យមានលំហូរដោយសេរីនូវផលិត ផលផ្នែកសម្ភារៈអគារ និងសំណង់នៅក្នុងទីផ្សារអាស៊ាន, ផ្តល់ជាមូលដ្ឋាន និងជាបន្ទាត់សម្រាប់ពង្រឹងនូវសមត្ថភាពបច្ចេកទេសរបស់អង្គភាពវាយតម្លៃភាពអនុលោមដូចជាអង្គភាពចេញវិញ្ញាបនបត្រ អង្គភាពធ្វើតេស្ត និងអង្គភាពធ្វើអធិការកិច្ចរបស់កម្ពុជាឱ្យបំពេញស្របតាមគោលការណ៍ នៃកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញ ទៅមកអាស៊ាន និងអាចត្រូវបានទទួលស្គាល់ដោយទីផ្សារអាស៊ាននូវលទ្ធផលវាយតម្លៃភាពអនុលោមរបស់ខ្លួន, កាត់បន្ថយការខាតបង់នូវធនធានសេដ្ឋកិច្ច និងធនធានគាំទ្រទៅលើការធ្វើឡើងវិញនូវសេវាកម្មផ្តល់វិញ្ញាបនបត្រ ធ្វើតេស្ត និងធ្វើអធិការកិច្ចទៅលើផលិតផលសម្ភារៈអគារ និងសំណង់តែមួយដូចគ្នា, ជំរុញឱ្យការធ្វើពាណិជ្ជកម្មសម្ភារៈអគារ និងសំណង់នៅក្នុងទីផ្សារអាស៊ាន ប្រកបដោយសមធម៌ និងលើកកម្ពស់ភាពប្រកួតប្រជែងដោយសុចរិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ប៊ុនរិទ្ធ





