កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ចំនួន២សង្កាត់ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦--ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាសង្កាត់រកាធំ និងសង្កាត់សុព័រទេព ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាសង្កាត់រការធំ ក្រោមអធិបតីភាព លោក អោម ចន ចៅសង្កាត់រកាធំ និងជាប្រធានគណៈកម្មការលទ្ធកម្ម និងលោកចៅសង្កាត់សុព័រទេព និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។

កិច្ចប្រជុំសំណើដេញថ្លៃនេះមានវត្តមានក្រុមហ៊ុនចំនួន៧ដែលបានចូលរួមដាក់សំណើដេញថ្លៃ។ គម្រោងដែលត្រូវដេញថ្លៃនាពេលនេះ គឺការងារសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ សង្កាត់រការធំ ប្រវែងផ្លូវ ០.៣៦៨ គ.ម ទទឹង៦ម កម្រាស់ ១៥០ ម.ម និងសាងសង់ស្លាកសញ្ញាគម្រោង១កន្លែង តម្លៃប៉ាន់ស្មាន ២៥៨,៤៤៦,៩០០ រៀល និងការងារសាងសង់ផ្លូវបេតុងអាមេចំនួន ១ខែទៀតសង្កាត់សុព័រទេព ប្រវែងផ្លូវ ០,២៣៧ គ.ម ទទឹង៦ម កម្រាស់ ១៥០ ម.ម និងសាងសង់ស្លាកសញ្ញាគម្រោង១កន្លែង តម្លៃប៉ាន់ស្មាន ១៦៨,៣១៩,៩០០ រៀល។

បន្ទាប់ពីបើកសំណើដេញថ្លៃ សង្កាត់រកាធំ ក្រុមហ៊ុនដែលបានដាក់តម្លៃទាបជាងគេបំផុត គឺបានទៅលើក្រុមហ៊ុន សុខជា ដាលីន ខនស្ត្រាក់សិន ដែលដេញថ្លៃបាន ក្នុងថវិកា ១៦១,០០០,០០០ រៀល ចំណែកសង្កាត់សុព័រទេព ក្រុមហ៊ុន ដែលបានដាក់តម្លៃទាបជាងគេបំផុត គឺបានទៅលើ ក្រុមហ៊ុន វិបុល រតនៈ ដែលដេញថ្លៃបាន ក្នុងថវិការ៩៩,៥៤០,០០០ រៀល។ ដើម្បីជាសក្ខីភាពតំណាងក្រុមហ៊ុនទាំងអស់បានធ្វើការប្តេជ្ញាចិត្ត អនុវត្តគម្រោងដោយការទទួលខុសត្រូវ និងធានាខុសត្រូវលើគុណភាព បច្ចេកទេសក្នុងការសាងសង់ថែមទៀត។

ក្នុងឱកាសនោះលោក អោម ចន ប្រធានគណៈកម្មការលទ្ធកម្ម បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការចូលរួមដេញថ្លៃ គឺបានផលល្អប្រសើរ រីឯដំណើការទាំងអស់នៃកម្មពិធី គឺស្របទៅតាមនីតិវិធី។ លោកក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តគម្រោងដោយអនុលោមទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែង៕

ដោយ៖ ម៉ែន ប៊ុនធីម





