រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការឈានជើងចូលមកកម្ពុជារបស់គ្រឹះស្ថានអប់រំអាឌីឡេត ខេមបូឌា លំដាប់អន្តរជាតិប្រទេសអូស្ត្រាលី គឺឆ្លើយតបយ៉ាងប្រសើរទៅនឹងកំណើននៃតម្រូវការ
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងកត់សម្គាល់ថា ការឈានជើងចូលមកកម្ពុជារបស់គ្រឹះស្ថានអប់រំអាឌីឡេត ខេមបូឌា លំដាប់អន្តរជាតិរបស់ប្រទេសអូស្ត្រាលីជាងពីរទសវត្សរ៍នេះ គឺពិតជាឆ្លើយតបយ៉ាងប្រសើរទៅនឹងកំណើននៃតម្រូវការ និងចំណាប់អារម្មណ៍របស់សិស្សានុសិស្ស ក៏ដូចជាមាតាបិតានៅកម្ពុជា ដែលកាន់តែមានទំនុកចិត្ត និងផ្ដល់តម្លៃខ្ពស់លើគុណភាពនៃការអប់រំកម្រិតអន្តរជាតិ ហើយថា ប្រទេសអូស្ត្រាលីបានក្លាយជាគោលដៅសិក្សាដ៏ពេញនិយមបំផុតមួយសម្រាប់អ្នកសិក្សាកម្ពុជា។

ក្នុងពិធីសម្ពោធជាផ្លូវការគ្រឹះស្ថានអប់រំ អាឌីឡេត ខេមបូឌា ដោយមានការចូលរួមពី ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់គ្រឹះស្ថានអប់រំ អាឌីឡេត (AEG) នៅកម្ពុជា និងថ្លែងអំណរគុណចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោក Don Chen ស្ថាបនិកគ្រឹះស្ថានអប់រំ AEG សម្រាប់ការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបើកទូលាយនូវកាលានុវត្តភាពអប់រំឆ្លងដែន និងការជ្រើសរើសយកព្រះរាជាណាចក្រកម្ពុជាជាគោលដៅដ៏សំខាន់សម្រាប់ប្រតិបត្តិការអន្តរជាតិរបស់ខ្លួន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា វិស័យអប់រំនៅតែជាការ វិនិយោគជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតសម្រាប់អនាគតជាតិ ហើយការអប់រំគឺជាអាទិភាពស្នូលមួយក្នុងការកសាងសង្គមដែលផ្អែកលើចំណេះដឹង និងមានសមត្ថភាពប្រកួតប្រជែងជាសកល។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការវិនិយោគ និងការបង្កើតភាពជាដៃគូដ៏មានសក្ដានុពលរវាងគ្រឹះស្ថានអប់រំ អាឌីឡេត ខេមបូឌា និងសាលាអន្តរជាតិ True VISIONS ព្រមទាំងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ចំពោះការគាំទ្រជាបន្តបន្ទាប់លើវិស័យអប់រំ និងវិស័យផ្សេងៗទៀត ដោយជឿជាក់ថា វត្តមានរបស់គ្រឹះស្ថានអប់រំ អាឌីឡេត ខេមបូឌា នឹងដើរតួជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យអប់រំ ការអភិវឌ្ឍជំនាញ និងការស្រាវជ្រាវ ដើម្បីរួមចំណែកកសាងមូលធនមនុស្សកម្ពុជាឱ្យកាន់តែមានសក្ដានុពលខ្ពស់ ឆ្លើយតបនឹងទីផ្សារការងារក្នុងតំបន់ និងសកលលោក។

សូមបញ្ជាក់ថា គ្រឹះស្ថានអប់រំ អាឌីឡេត (AEG) បានចាប់ផ្ដើមប្រតិបត្តិការតាំងពីឆ្នាំ២០០០ នៅរដ្ឋអូស្ត្រាលីខាងត្បូង ដោយផ្ដល់នូវប្រព័ន្ធអេកូឡូស៊ីអប់រំពេញលេញមួយ តាមរយៈម៉ូដែលគន្លងសិក្សាតភ្ជាប់គ្នា។ គ្រឹះស្ថាននេះមានស្ថាប័នចំណុះសំខាន់ៗចំនួន៤ រួមមាន វិទ្យាស្ថានឧត្តមសិក្សាអាឌីឡេត (AIHE) ដែលទទួលស្គាល់ដោយស្ថាប័ន TEQSA និងជាទីតាំងនៃវិទ្យាស្ថានស្រាវជ្រាវ (ARI) វិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យាអាឌីឡេត (AIBT) ទទួលស្គាល់ដោយស្ថាប័ន ASQA សាលាអន្តរជាតិអាឌីឡេត (AIS) ដែលផ្ដល់ការអប់រំកម្រិតមធ្យមសិក្សា និងមជ្ឈមណ្ឌលភាសាអង់គ្លេសកម្រិតខ្លាំង (IELC) សម្រាប់ពង្រឹងសមត្ថភាពភាសាស្វែងរកឱកាសសិក្សាបន្ត។ ប្រព័ន្ធសិក្សារួមគ្នានេះជួយឱ្យសិស្ស និស្សិតអាចបន្តការសិក្សាពីកម្រិតមួយទៅកម្រិតមួយទៀត ទាំងផ្នែកចំណេះដឹងទូទៅ វិជ្ជាជីវៈ និងឧត្តមសិក្សាដោយរលូន ប្រកបដោយគុណភាព និងប្រសិទ្ធភាព៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





