ឯកឧត្តម គន់ គីម បញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ ជូនជនភៀសសឹកខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ ចំនួនប្រមាណ ៥០០ខ្នងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញស្ថិតក្នុង ភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិតលើកឡើងថា ចំពោះការសាងសង់ផ្ទះបណ្តោះអាសន្ននេះ ធ្វើឡើងនៅបរិវេណជិតនឹងផ្ទះបណ្តោះអាសន្នចំនួន ២៥០ខ្នង ស៊ិនដែលមានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាល បានស្ថាបនា និងរៀបចំរួចរាល់ ដូចជា ផ្លូវ ការតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាត ការតភ្ជាប់ប្រព័ន្ធបណ្តាញអគ្គិសនី និងសាលារៀនបណ្តោះអាសន្នជាដើម។

ការសាងសង់ផ្ទះបណ្តោះអាសន្ន គឺជាយុទ្ធសាស្រ្តនៃការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលមិនទុកបងប្អូនប្រជាពលរដ្ឋភៀសសឹករងការខូចខាតលំនៅឋានជួបការលំបាកឡើយ ពោលបូករួមជាមួយការគិតគូរឧបត្ថម្ភគាំទ្រដល់ជីវភាពរស់នៅ និងដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋភៀសសឹកមានកន្លែងស្នាក់នៅសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខុមាលភាពបំផុត៕


ដោយ ណយ នឿន (ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





