អង្គការ WWF រៀបចំយុទ្ធនាការ «ថ្ងៃនេះ មិនប្រើប្លាស្ទិក កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅស្រុកកោះញែក
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦--សកម្មភាពតូចៗបង្កើតការផ្លាស់ប្តូរ រាល់ការប្រើប្រាស់កាបូប ឬថង់បរិស្ថាន ដបទឹក ឬប្រអប់ដែលអាចប្រើឡើងវិញបាន នឹងរួមចំណែកទៅដល់កម្ពុជាដែលស្អាត និងកាត់បន្ថយការបំពុលដោយសារប្លាស្ទិក។

មន្រ្តីអង្គការ WWF-កម្ពុជា បានឱ្យដឹងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ថា តាមរយៈគម្រោង ការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព (SCP) សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំយុទ្ធនាការ «ថ្ងៃនេះ មិនប្រើប្លាស្ទិក កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅស្រុកកោះញែក ដើម្បីលើកទឹកចិត្តសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កសិករ អាជ្ញាធរមូលដ្ឋាន កងកម្លាំងនគរបាល និងប្រជាពលរដ្ឋ ឱ្យរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

តាមរយៈការជ្រើសរើសប្រើប្រាស់ផលិតផលដែលអាចប្រើឡើងវិញបាន ការបដិសេធការវេចខ្ចប់ប្លាស្ទិកដែលមិនចាំបាច់ និងការចូលរួមសម្អាតបរិស្ថានក្នុងសហគមន៍ យើងទាំងអស់គ្នាអាចរួមចំណែកកាត់បន្ថយការបំពុលដោយសារប្លាស្ទិក និងការពារសត្វព្រៃ ទន្លេ និងសហគមន៍របស់យើង។ អនាគតដែលស្អាត និងគ្មានការបំពុលដោយសារប្លាស្ទិក ចាប់ផ្តើមពីការផ្លាស់ប្តូរទម្លាប់តូចៗរបស់យើងនៅថ្ងៃនេះ៕

ដោយ ណយ នឿន (ប្រភព៖ WWF)





