គណៈកម្មការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញប្រកាសដល់អត្តពលិក មកទទួលមេដាយ ក្រោយខកខានផ្តល់ជូនក្នុងព្រឹត្តិការណ៍ភ្លាមៗ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦--គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ លើកទី១៤ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៦ បានប្រកាសដល់កីឡាករ កីឡាការិនីជាតិ និងអន្តជាតិថា មេដាយអនុស្សាវរីយ៍ Finisher Medal បានមកដល់រាជធានីភ្នំពេញហើយ ដោយកីឡាករ កីឡាការិនីអាចមកទទួលយកមេដាយអនុស្សាវរីយ៍បាន។

គណៈកម្មការរៀបចំម៉ារ៉ាតុងបានបញ្ជាក់ថា សម្រាប់អ្នករត់នៅរាជធានីភ្នំពេញអាចមកទទួលមេដាយអនុស្សាវរីយ៍ នៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ចាប់ពីថ្ងៃទី៩-១០-១១ ខែកក្កដា ឆ្នាំ២០២៦ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។ ចំពោះអ្នករត់នៅតាមបណ្តាខេត្ត និងនៅក្រៅប្រទេស គណៈកម្មការរៀបចំនឹងផ្ញើជូនតាមរយ:ភ្នាក់ងារដឹកជញ្ជូន ឬតាមប្រៃសណីយ៍កម្ពុជា។ សម្រាប់អ្នករត់នៅក្រៅស្រុកអាចទំនាក់ទំនង់មក Email: info@cambodia-events.org/sales@cambodia-events.org។

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ លើកទី១៤បានសុំអភ័យទោសចំពោះឧប្បត្តិហេតុ ដែលបានកើតឡើងបណ្តាលមកពីការដឹកជញ្ជូនពីក្រៅប្រទេស។ គណៈកម្មការរៀបចំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ និងចូលរួមគាំទ្រនូវព្រឹត្តិការណ៍ម៉ារ៉ាតុង ដែលគណៈកម្មការរៀបចំកន្លងមក។ ចំពោះកីឡាករកីឡាការិនីទាំងអស់មកទទួលមេដាយត្រូវភ្ជាប់ជាមួយនូវស្លាកលេខ (Bib Number) ទីតាំង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អគារ១, មហាវិថីសាធារណរដ្ឋប៉ូឡូញ (163), រាជធានីភ្នំពេញ, (ខាងត្បូងរង្វង់មូលវត្តសំពៅមាស) ហើយអាចទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 077 213 525 / 089 623 080 ។

គួររម្លឹកថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ឆ្នាំ២០២៦ ដែលបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញទទួលបានអ្នករត់សរុប ៥២៤១នាក់ កើនឡើង៤,៦% ក្នុងនោះអត្តពលិកជាតិ ៤៥៦១នាក់ និងអន្តរជាតិ ៦៨០នាក់មកពី៤៣ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ គឺចិន ជប៉ុន បារំាង ហ្វីលីពីន និងអាមេរិក។ ក្នុងថ្ងៃទិវារត់ប្រណាំង ពេលនោះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក៏បានសុំការយោគយល់អធ្យាស្រ័យខ្ពស់ពីអ្នកចូលរួមទាំងអស់ ចំពោះការខកខានផ្ដល់នូវមេដាយជ័យលាភី និងមេដាយរត់បញ្ចប់ទីអនុស្សាវរីយ៍ ក្នុងថ្ងៃប្រកួតនោះ ដោយសារការខកខានដឹកជញ្ជូនពីក្រៅប្រទេស។ ឯកឧត្តម វ៉ាត់ ចំរើន សុំការខន្ដីអភ័យទោសពីអ្នកចូលរួម ហើយសង្ឃឹមថា កីឡាករ-កីឡាការិនីនឹងយោគយល់ចំពោះកំហុសអចេតនានេះ៕

ដោយ ហេង ណាលីន





