អគ្គមេបញ្ជាការកងទ័ពចុះពិនិត្យសមរភូមិជួរមុខ និងសួរសុខទុក្ខក្រុម AOT នៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦--ក្នុងបរិបទដែលស្ថានភាពព្រំដែនកំពុងមានការចាប់អារម្មណ៍ខ្លាំង ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខយោធាជាន់ខ្ពស់ម៉ាឡេស៊ីមកកាន់ទឹកដីកម្ពុជា បានបើកទំព័រថ្មីមួយនៃកិច្ចសហប្រតិបត្តិការសន្តិសុខតំបន់។ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ នាយឧត្តមសេនីយ៍ តាន់ស្រ៊ីដាតុ សេរីហាជីម៉ាលេករ៉ាសាក់ ប៊ីនស៊ុយឡាយម៉ានអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចុះផ្ទាល់ដល់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលកំពុងបំពេញបេសកកម្មនៅទីនោះ។

ក្នុងទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញយ៉ាងលម្អិតជូនគណៈប្រតិភូម៉ាឡេស៊ី អំពីផលប៉ះពាល់ជាក់ស្តែង បង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ការបង្ហាញទិន្នន័យ និងទិដ្ឋភាពពិតនេះ គឺជាតម្រុយដ៏សំខាន់សម្រាប់ម៉ាឡេស៊ី ក្នុងការវាយតម្លៃស្ថានការណ៍ជាក់ស្តែងនៅជួរមុខ។ វត្តមានរបស់ប្រមុខទ័ពម៉ាឡេស៊ីនៅតំបន់ព្រំដែនកម្ពុជា-ថៃ មិនមែនជាទស្សនកិច្ចទូតធម្មតានោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ម៉ាឡេស៊ី ទៅលើស្ថិរភាព និងសន្តិសុខរវាងប្រទេសជាសមាជិកអាស៊ាន។

ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ (ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦) តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាននាំមកនូវសារសំខាន់ៗនោះ ការគាំទ្រអធិបតេយ្យភាពកម្ពុជា ជាសញ្ញាណច្បាស់លាស់បង្ហាញពីការគាំទ្ររបស់ម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីស្របច្បាប់។ ពង្រឹងយន្តការអាស៊ាន (AOT) ការចុះសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បញ្ជាក់ពីការផ្តល់តម្លៃលើការដោះស្រាយវិវាទតាមផ្លូវការទូត និងសន្តិវិធី។ ការគោរពច្បាប់អន្តរជាតិ វត្តមាននៅក្នុងតំបន់មានជម្លោះនេះ គឺជាការសង្កត់ធ្ងន់ទៅកាន់គ្រប់ភាគីពាក់ព័ន្ធ ឱ្យងាកមកគោរពច្បាប់អន្តរជាតិ ដើម្បីធានាសន្តិភាព និងវិបុលភាពរួមក្នុងតំបន់អាស៊ានទាំងមូល។ ជំហរមិនកែប្រែរបស់កម្ពុជាទោះបីជាត្រូវរងរង្គោះរង្គើដោយសារបញ្ហាព្រំដែនយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបង្ហាញជំហររឹងមាំ និងមានភាពចាស់ទុំខាងនយោបាយ ដោយប្រកាន់ខ្ជាប់ដាច់ខាតនូវគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងការសម្របសម្រួលផ្អែកលើច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ ព្រមទាំងរក្សាសន្តិសុខរួមក្នុងតំបន់អាស៊ានឱ្យបាន៕

ដោយ ឈុន សារ៉ាត





