ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំបន្ទាយមានជ័យ និងជំរុញការសាងសង់ផ្ទះថ្មីជាង ៥០០ខ្នង ដើម្បីផ្តល់លំនឹងជីវិតពិតប្រាកដ
AKP បន្ទាយមានជ័យ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦--ការគិតគូរពីសុខទុក្ខ និងការស្វែងរកជម្រកដ៏សុខសាន្តជូនប្រជាពលរដ្ឋភៀសសឹក នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែង កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់តាមខ្នងផ្ទះជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសាស្ត្រស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ បេសកកម្មមនុស្សធម៌ និងការអភិវឌ្ឍដ៏មានសារៈសំខាន់នេះ ក៏មានការអមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសចុះជួបជុំនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានដើរខ្នងផ្ទះមួយទៅខ្នងផ្ទះមួយ ដែលជាផ្ទះអតីតយុទ្ធជនសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្ដោះអាសន្ន ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។ ឯកឧត្តមបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល ចំពោះសុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនទាំងអស់។

ក្រៅពីការសួរសុខទុក្ខ ឯកឧត្តមទេសរដ្ឋមន្ត្រី និងក្រុមការងារ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្ទះដែលបានស្នើសុំថ្មីចំនួន ៥១៣ខ្នងផ្ទះ យ៉ាងយកចិត្តទុកដាក់។ ការសាងសង់ជម្រកថ្មីដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាចម្លើយដ៏មានប្រសិទ្ធភាព និងជាយុទ្ធសាស្ត្ររៀបចំដែនដី ដើម្បីប្រែក្លាយជីវិតរបស់បងប្អូនពលរដ្ឋភៀសសឹកពី «ការស្នាក់នៅបណ្តោះអាសន្ន» ឱ្យមកជា «ម្ចាស់ផ្ទះពិតប្រាកដ» ដែលមានលំនឹងជីវិត សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ការគិតគូរលើការសាងសង់ផ្ទះចំនួន ៥១៣ខ្នងបន្ថែមផ្ទះសង់រួច២៨០៥ខ្នងដែលបានប្រគល់ជូនពលរដ្ឋភៀសសឹកបានរស់នៅនេះ មិនត្រឹមតែជាការផ្តល់ជម្រកនោះទេ ប៉ុន្តែវាក៏ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ភូមិរង់ចាំ ឃុំស្លក្រាម ក្នុងការប្រែក្លាយតំបន់នេះឱ្យទៅជាសហគមន៍មួយដែលមានការអភិវឌ្ឍ និងមានសន្តិសុខស្បៀងកាន់តែប្រសើរឡើង។

តាមរយៈសកម្មភាពដ៏រស់រវើកនេះ បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានសម្តែងនូវក្តីរំភើបរីករាយជាអនេក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏ដូចជាថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យរួមនិងសប្បុរជននានា ដែលមិនដែលបោះបង់ពួកគាត់ចោលក្នុងគ្រាលំបាក និងបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីផ្តល់ក្តីសង្ឃឹម និងអនាគតដ៏ភ្លឺស្វាងជូនគ្រួសារពួកគាត់៕
ដោយ ឈុន សារ៉ាត





