មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំងចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម
AKP កំពង់ឆ្នាំង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦--លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយនិងណែនាំប្រជាពលរដ្ឋក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងឱ្យរួមគ្នាថែរក្សាអនាម័យបរិស្ថានជុំវិញលំនៅដ្ឋាននិងក្នុងសហគមន៍ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក និងមន្ត្រីជំនាញចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានមានប្រសាសន៍ថា យើងរួមគ្នាការពារជំងឺគ្រុនឈាម ជំងឺនេះកើតលើមនុស្សគ្រប់វ័យ តែកុមារកើតញឹកញាប់ជាងគេ។ ជំងឺគ្រុនឈាមបណ្តាលពីវីរុសគ្រុនឈាម ដែលចម្លងតាមមូសខ្លាញីខាំ ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គ្រុនឈាមភាគច្រើនជាប្រភេទស្រាល តែបើជាប្រភេទធ្ងន់ អាចបះពាល់ដល់ជីវិត ជាពិសេសដែលទទួលការព្យាបាលមិនត្រឹមត្រូវ ការប្រើថ្នាំអាស្ពីរីនដើម្បីព្យាបាល ឬក៏មានការយឺតយ៉ាវបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យ។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិតបានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាន និងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសារធារណៈនិងការយល់ដឹងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេស នៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋ ក្នុងការប្រតិបត្តិនៃការរស់នៅស្អាតធ្វើអានាម័យនិងការពារកុំឱ្យមូសចង្រៃមកខាំបាន។

ថ្លែងក្នុងបរិបទនេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបញ្ជាក់ទៀតថា ជំងឺគ្រុនឈាមមិនត្រឹមតែធ្វើអោយប៉ះពាល់ដល់សុខភាពខាតបង់ថវិការតាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចទៀតផង។ ម្យ៉ាងទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវតែរស់នៅស្អាត ផឹកស្អាត និងរស់នៅក្នុងបរិស្ថានល្អ កុំចោសសំរាមពាលវាលពាសកាល។ បងប្អូនប្រជាពលរដ្ឋទាំងអស់ និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមយ៉ាងសកម្មរក្សាបាននូវបរិស្ថាន ពិសេសអនាម័យជុំវិញផ្ទះ សម្រាម ព្រៃស្មៅ និងសំបកកំប៉ុងផ្សេងៗ។ល។ ដែលជាបច្ច័យអាក្រក់ផ្ដល់ជម្រកដល់សត្វមូស បណ្ដាលឱ្យបង្កការរំខានដល់បងប្អូនប្រជាពលរដ្ឋពិសេសកុមារតូច៕
ដោយ បៃ ស៊ីថុន





