អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរីចុះពិនិត្យសិប្បកម្មផលិតទូកស្មាច់មួយកន្លែងនៅស្រុកអង្គរបូរី
AKP តាកែវ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦--លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី រួមជាមួយសហការី បានអញ្ជើញចុះពិនិត្យសិប្បកម្មផលិតទូកស្មាច់មួយកន្លែងនៅស្រុកអង្គរបូរី។ ការចុះពិនិត្យនេះធ្វើឡើងនៅទីតាំងផលិតទូកស្មាច់ នៅក្នុងភូមិទួលពុទ្រាឃុំគោកធ្លកស្រុកអង្គរបូរីខេត្តតាកែវ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសចុះពិនិត្យនោះ លោក កង អាណាន់ បានសម្តែងនូវការកោតសរសើរ គាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំង ដល់ម្ចាស់សិប្បកម្មដែលជាកូនខ្មែរផ្ទាល់ ក្នុងការបង្កើតអាជីវកម្មនេះឡើង។ លោកអភិបាលស្រុកក៏បានជំរុញឱ្យម្ចាស់សិប្បកម្ម បន្តអភិវឌ្ឍជំនាញឱ្យកាន់តែខ្លាំងពូកែបន្ថែមទៀត ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការរក្សាគុណភាព និងសុវត្ថិភាព នៃផលិតផលរបស់ខ្លួន ដើម្បីអាចពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយជាងមុន។

លោកអភិបាលស្រុកអង្គរបូរីក៏បានធ្វើការអំពាវនាវនិងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ឱ្យបន្តចូលរួមគាំទ្រនិងប្រើប្រាស់ផលិតផល ដែលជាស្នាដៃរបស់កូនខ្មែរឱ្យបានកាន់តែច្រើនឡើង ព្រោះការចូលរួមគាំទ្រនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារធ្វើ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ព្រមទាំងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន ឱ្យកាន់តែមានការរីកចម្រើនទៅមុខជាលំដាប់។

តាមការបញ្ជាក់របស់ម្ចាស់សិប្បកម្មផលិតទូកស្មាច់ លោក រ័ត្ន ប៊ុនធីម ដែលមានម៉ាកយីហោTKC បានឱ្យដឹងថា ជាមធ្យមសិប្បកម្មរបស់លោក អាចផលិត និងលក់ទូកស្មាច់បានប្រមាណ៦០គ្រឿង ក្នុងមួយខែ ដែលផលិតផលទាំងអស់នេះគឺសុទ្ធសឹងតែជាស្នាដៃច្នៃប្រឌិត និងផលិតដោយកូនខ្មែរពិតៗ។ហើយអាចលក់ក្នុង១គ្រឿងបានតម្លៃ ចន្លោះចាប់ពី៨០០ ០០០រៀល ទៅ២ ៣០០ ០០០រៀល។ ក្រៅពីការផលិតសម្រាប់ដាក់លក់ប្រចាំថ្ងៃ សិប្បកម្មក៏មានការទទួលធ្វើតាមការកម្ម៉ង់ទៅតាមតម្រូវការ និងទំហំ ដែលអតិថិជនចង់បានផងដែរ៕
ដោយ អ៊ុច សៀង





