កម្ពុជាពង្រឹងពហុភាគីនិយម ក្នុងកិច្ចសហការឌីជីថល ពីកម្រិតជាតិ ដល់តំបន់ និងសកល
AKP ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦–ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃទីពីរនៃ “កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត” បានជួបពិភាក្សាការងារជាមួយស្ថាប័ននិងប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងវិស័យឌីជីថលកម្ពុជា។

ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានពិភាក្សាការងារជាមួយ ឯកឧត្ដម Amandeep Singh Gill អគ្គលេខាធិការរងនិងជាប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាឈានមុខ និងបានជម្រាបឯកឧត្ដម អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពឌីជីថលរបស់ប្រជាពលរដ្ឋនៅគ្រប់កម្រិត តាមរយៈកម្មវិធីដូចជាអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងគម្រោងបន្ទប់កុំព្យូទ័រនៅសាលាបឋមសិក្សាគោលដៅ ព្រមទាំងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ ដូចជាថ្នាល verify.gov.kh ជាដើម។
ឯកឧត្ដមប្រេសិតពិសេសបានកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា និងជោគជ័យរបស់ថ្នាល verify.gov.kh ព្រមទាំងបានអញ្ជើញកម្ពុជាផ្សព្វផ្សាយថ្នាលនេះលើ UN Digital Cooperation Portal និងអញ្ជើញកម្ពុជាធ្វើជាសហប្រធានកម្មវិធី UN Open Source Week នាឆ្នាំ២០២៧ផងដែរ។

លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជួបជាមួយរដ្ឋមន្រ្តីក្រសួងឌីជីថល រួមមាន ទី១ ឯកឧត្ដមរដ្ឋមន្រ្តី Mark-Alexandre Doumba ប្រទេសហ្កាបុង ទី២ ឯកឧត្ដមរដ្ឋមន្រ្តី Haliki Mahamat ប្រទេសឆាដ ទី៣ ឯកឧត្ដមរដ្ឋមន្ត្រី Américo Muchanga ប្រទេសម៉ូសំប៊ិក ទី៤ ឯកឧត្ដមរដ្ឋមន្រ្តី Samba Diouf ប្រទេសសេណេហ្កាល់ និង ទី៥ ឯកឧត្ដមរដ្ឋមន្រ្តី Djibril Ouattara ប្រទេសកូតឌីវ័រ ដើម្បីចែករំលែកបទពិសោធរបស់កម្ពុជាជូនបណ្ដាប្រទេសបានជ្រាប។ ឆ្លៀតឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានអញ្ជើញរដ្ឋមន្ត្រីនៃប្រទេសទាំង៥ ចូលរួមកម្មវិធី Francotech ដែលនឹងរៀបចំនៅចុងឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាជាម្ចាស់ផ្ទះ។

ឯកឧត្ដម ជា វ៉ាន់ដេត ក៏បានជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយ លោកជំទាវ Deema Al Yahya អគ្គលេខាធិការអង្គការសហប្រតិបត្តិការឌីជីថល ដើម្បីបន្តពិភាក្សាលើលទ្ធភាពសហការ។ លោកជំទាវមានបំណងអញ្ជើញកម្ពុជាចូលជាសមាជិកនៃអង្គការសហប្រតិបត្តិការឌីជីថល ដោយឃើញពីសមិទ្ធផលបរិវត្តកម្មឌីជីថលកម្ពុជា ដែលមានការទទួលស្គាល់អន្តរជាតិជាបន្តបន្ទាប់។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជាការអនុវត្តវិធានការគោលនយោបាយបរិវត្តកម្មឌីជីថលរបស់កម្ពុជាក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងការលើកកម្ពស់ពហុភាគីនិយមក្នុងកិច្ចសហប្រតិបត្តិការឌីជីថលរបស់កម្ពុជា សំដៅពង្រឹងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីឌីជីថលជាតិ និងចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលតំបន់និងពិភពលោក ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





