ឯកឧត្តម អ៊ុច បូររិទ្ធ ជម្រាបជូន កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ថា កម្ពុជាជ្រើសយក UNCLOS ប៉ុន្តែថៃប្រើលេសនេះដើម្បីផ្អាកកិច្ចប្រជុំ JBC
AKP ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ – «ក្នុងស្មារតីគោរពពេញលេញនូវកាតព្វកិច្ចអន្តរជាតិ កម្ពុជាបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការស្នើសុំនីតិវិធីផ្សះផ្សាដោយបង្ខំ ដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីធានាបាននូវដំណោះស្រាយដោយសន្តិវិធី និងស្របច្បាប់។ ទោះជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមនេះបែរជាត្រូវបានថៃយកធ្វើជាលេសដើម្បីផ្អាកកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដែលជាយន្តការមានលក្ខណៈបច្ចេកទេសសុទ្ធសាធ ហើយមិនគួរត្រូវបានភ្ជាប់ទៅនឹងការពិចារណាផ្នែកនយោបាយណាមួយឡើយ»។

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាអនុប្រធាននៃសភាប្រើភាសាបារាំង បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ក្នុងរបៀបវារៈទី៦៖ ការពិនិត្យស្ថានភាពនយោបាយ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងវិមាន Verre Paul Biya ប្រទេសកាម៉េរូន។
ឯកឧត្តម អ៊ុច បូររិទ្ធ បានបន្ថែមថា៖ «បើទោះបីជាមានការស្នើសុំដ៏ទទូចពីកម្ពុជាដើម្បីកោះប្រជុំគណៈកម្មការនេះក៏ដោយ ក៏ការងាររបស់គណៈកម្មការមិនអាចចាប់ផ្តើមឡើងវិញបានឡើយ ដែលការណ៍នេះកំពុងធ្វើឱ្យប៉ះពាល់ជាលំដាប់ដល់យន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្ខូចទំនុកចិត្តទៅវិញទៅមក។ ការវិវឌ្ឍបែបនេះកំពុងជំរុញឱ្យមានការបង្កើត «ស្ថានភាពជាក់ស្តែងរួចជាស្រេច» ដែលផ្ទុយនឹងគោលការណ៍សុចរិតភាពក្នុងការអនុវត្តការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ»។
ជាមួយគ្នានេះ ឯកឧត្តមបន្ថែមថា ការប្រកាសលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ស្តីពីការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នា បានបញ្ចប់ក្របខ័ណ្ឌទ្វេភាគី ដែលអស់រយៈពេលជាង២៥ឆ្នាំកន្លងមកនេះ បានផ្តល់លទ្ធភាពឱ្យភាគីទាំងពីរ ធ្វើកិច្ចសន្ទនាប្រកបដោយស្ថាបនាលើបញ្ហាដ៏រសើបនេះ។
កម្ពុជាតែងតែបានជ្រើសរើសការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ កិច្ចសន្ទនា និងយន្តការពហុភាគី សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី។ ជម្រើសនេះឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់កម្ពុជាថា ការគោរពច្បាប់ដែលរដ្ឋនានាបានទទួលយកដោយសេរី នៅតែជាការធានាដ៏ល្អបំផុតសម្រាប់សន្តិភាព ប្រកបដោយចីរភាព និងសន្តិសហវិជ្ជមានរវាងប្រទេសជិតខាង។
ទន្ទឹមនេះ ឯកឧត្តមបញ្ជាក់ថា៖ «យើងនៅតែមានជំនឿយ៉ាងមុតមាំថា ការប្តេជ្ញាចិត្តជាប្រចាំរបស់សហគមន៍អន្តរជាតិ និងគ្រួសារដ៏ធំនៃសភាប្រើភាសាបារាំង ក្នុងការគាំទ្រអធិបតេយ្យ បូរណភាពទឹកដី ការមិនប្រើប្រាស់កម្លាំងយោធា ភាពស្មោះត្រង់ក្នុងការអនុវត្តកិច្ចព្រមព្រៀង និងការដោះស្រាយវិវាទដោយសន្តិវិធី គឺជាការគាំទ្រដ៏សំខាន់ដល់គោលដៅរួមនេះ។ គឺតាមរយៈការគោរពគោលការណ៍ទាំងនេះហើយ ទើបស្ថិរភាពក្នុងតំបន់ ទំនុកចិត្តរវាងរដ្ឋ និងរដ្ឋ និងភាពជឿជាក់នៃសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិអាចត្រូវបាន រក្សាការពារ»៕
ដោយ ផែន រតនៈ





