សម្ដេចតេជោ ហ៊ុន សែន៖ ខេត្តនៅតំបន់ភូមិភាគឦសាន នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ដ៏សំខាន់របស់កម្ពុជា
AKP រតនគិរី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ខេត្តនៅតំបន់ភូមិភាគឦសាន នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ដ៏សំខាន់របស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ ហើយ ដែលប៉ូលសេដ្ឋកិច្ចទី៤ នេះ នឹងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសម្រេចតាមចក្ខុវិស័យរបស់កម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការលើឡើងរបស់សម្ដេចតេជោបែបនេះ ត្រូវបានធ្វើឡើង ក្នុងខណៈសម្ដេចបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី ចំនួន ៧៨៥នាក់ នាព្រឹកថ្ងៃទី៨ ខែកក្កាដា ឆ្នាំ២០២៦ នៅក្រុងបានលុង ខេត្តរតនគិរី។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្ត ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។ សម្តេចតេជោបានក្រើនរម្លឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ សម្តេចតេជោក៏បានជំរុញ និងគាំទ្រចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារ និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ។
ជាមួយគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានរម្លឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន ពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះ ត្រូវយកចិត្តទុកដាក់ដល់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ និងការរៀបចំកម្មវិធីផ្សេងសម្រាប់ពួកគាត់ដើម្បីកុំឱ្យពួកគាត់មានភាពឯកោ។ សម្ដេចតេជោ ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់យុទ្ធជនពលី យុទ្ធជនពិការ និងក្រុមគ្រួសារ ដោយសម្ដេចបានបញ្ជាក់ថា ការគ្រប់គ្រង និងជួយមើលថែបងប្អូនអតីតយុទ្ធជនត្រូវមើលឱ្យជ្រៅ ដោយត្រូវជំរុញកូនចៅរបស់ពួកគេឱ្យទទួលបានការអប់រំខ្ពស់ក្លាយជាបញ្ញវន្ត ដើម្បីតបស្នងនូវគុណបំណាច់ដ៏ធំធេងរបស់ពួកគេចំពោះជាតិមាតុភូមិ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និង ស្នើឱ្យអាជ្ញាធរខេត្តរតនគិរី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសវៀតណាម និងឡាវ ដែលជាប់នឹងព្រំដែនកម្ពុជា ធ្វើឱ្យព្រំដែននៃប្រទេសទាំងបី នៅតែជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ ជាពិសេសដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងបី កាន់តែល្អប្រសើរ។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានឱ្យដឹងថា ខេត្តរតនគិរី ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចម្ងាយ ៥៨៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសរុប ១០ ៧៨២ គីឡូម៉ែត្រក្រឡា មាន១ក្រុង ៨ស្រុក ៤៦ឃុំ ៤សង្កាត់ និង២៤៣ភូមិ។ ខេត្តរតនគិរី មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តយ៉ាឡាយ និងខេត្តក្វាងង៉ាយ ប្រទេសវៀតណាម។ ខាងជើងជាប់នឹងខេត្តអត្តពឺ ប្រទេសឡាវ និងខាងត្បូងជាប់នឹងខេត្តមណ្ឌលគិរី។ ខេត្តនេះ មានច្រកទ្វារព្រំដែនអន្តរជាតិ១កន្លែង គឺច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិអូរយ៉ាដាវ។

ឯកឧត្ដមបានបន្ដថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ មកដល់អាណត្តិបច្ចុប្បន្ននេះ ខេត្តមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។ ខេត្ដរតនគិរី មានរោងចក្រធុនធំចំនួន៩ មានរោងចក្រកែច្នៃកៅស៊ូចំនួន៥ កែច្នៃចេកចំនួន២ កែច្នៃកៅស៊ូ និងផ្លែឈើចំនួន១ និងកែច្នៃដំឡូងមីចំនួន១។ ខេត្តក៏មានក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យធនធានរ៉ែផងដែរ ដូចជា ឧស្សាហកម្មរ៉ែមាស មាន២ក្រុមហ៊ុន អាជីវកម្មថ្មអារមាន ១០ក្រុមហ៊ុន អាជីវកម្មថ្មសំណង់ មាន ៣ក្រុមហ៊ុន និងអាជីវកម្មខ្សាច់ សំណង់មាន ៨ក្រុមហ៊ុន។
គួរបញ្ជាក់ដែរថា នេះជាបេសកកម្មលើកទី១៨ និងចំនួន២១ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ក្នុងគោលបំណងពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕
ដោយ៖ ជឹម ណារី





