គ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦--លោកស្រី សឿន វួចលៀង នាយិការងសាខា រួមជាមួយក្រុមការងារ នា ព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅផ្ដល់ជូនគ្រួសារប្រជាជនរងគ្រោះ ដោយអគ្គិភ័យ ឆេះផ្ទះទាំងស្រុង ចំនួន ០៣គ្រួសារ មូលហេតុឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារមួយចំនួនធំ ស្ថិតនៅភូមិជីរោទ៍ក្រោមទី២ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកស្រី សឿន វួចលៀង៖ ការផ្តល់ជូននូវអំណោយមនុស្សធម៌នាឱកាសនេះគឺគ្រាន់តែជាការជួយសម្រាលទុក្ខលំបាកចំពោះបងប្អូនបានតែមួយគ្រាប៉ុណ្ណោះ ហេតុនេះហើយសូមបងប្អូនបន្តការខិតខំរកស៊ីបន្ថែមទៀតដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានប្រសើរឡើងវិញ និងអំពាវនាវដល់ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរ ពីសុខភាព អនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសុវត្ថិភាពផ្ទាល់ខ្លួន ព្រមការពារខ្លួនពីជំងឺឆ្លង និងជំងឺឆ្លងទាំងឡាយ។

ក្រុមការងារក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់អគ្គិសនី ដែលអាចបង្កឱ្យមានអគ្គិភ័យឆាបឆេះផ្ទះសម្បែងផងដែរ។
អំណោយផ្ដល់ជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ៥០គីឡូ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ប្រេងឆា១ដប, ត្រីខ១០កំប៉ុង, ឃីតដំណេក១ឈុត, សម្ភារផ្ទះបាយ១ឈុត, និងថវិកាមួយចំនួនផងដែរ៕

ដោយ៖ពេជ្រ សំអឿន, (ប្រភព៖កាកបាទក្រហមកម្ពុជា)





