គ.ស.ម.ក.ចុះMOU) ជាមួយក្រុមហ៊ុន NEXTGEN Hotel ដើម្បីជំរុញការងាររដ្ឋបាលក្នុងការកក់កន្លែងស្នាក់នៅតាមបែបបច្ចេកវិទ្យាឌីជីថល
AKP ភ្នំពេញ ថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២៦--គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ចុះអនុស្សរណៈនៃការ យោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន NEXTGEN Hotel ដើម្បីជំរុញការងាររដ្ឋបាលក្នុងការកក់កន្លែងស្នាក់នៅតាមបែបបច្ចេកវិទ្យាឌីជីថល។
នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ តំណាងឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិក គ.ស.ម.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក. បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន NEXTGEN Hotel ដឹកនាំដោយ លោកស្រី ប៉ោ សិរីរតនា ស្ថាបនិក និងជាប្រធានហិរញ្ញវត្ថុនៃ NEXTGEN Hotel។

កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងធ្វើទំនើបកម្មរដ្ឋបាលឌីជីថល ដើម្បីសម្រួលដល់ការរៀបចំការស្នាក់នៅ និងជួយសន្សំសំចៃថវិកាលើការចំណាយថ្លៃសណ្ឋាគារ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលអាចជួយកាត់បន្ថយពេលវេលាការងាររដ្ឋបាល ព្រមទាំងបង្កើនភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ក្នុងការកក់សណ្ឋាគារ សម្រាប់រាល់បេសកកម្មការងារទាំងក្នុងស្រុក និងក្រៅប្រទេសរបស់ថ្នាក់ដឹកនាំ និងមន្ត្រី គ.ស.ម.ក.។

ជាមួយគ្នានេះ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវិស័យរដ្ឋ និងផ្នែកឯកជន ក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើ “បញ្ចកោណទី៥” ដែលផ្តោតលើការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការធ្វើបរិវត្តកម្មឌីជីថលក្នុងស្ថាប័នរដ្ឋ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត៕


ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា





