ជំងឺអេបូឡានៅតែបន្តរីករាលដាលនៅក្នុងប្រទេសកុងហ្គោ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ជាង ៥០០នាក់
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា ការផ្ទុះឡើងនៃជំងឺអេបូឡាប្រភេទ Bundibugyo ដ៏សាហាវនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) នៅតែបន្តរីករាលដាល ដោយមានអ្នកស្លាប់ចំនួន ៥០៦នាក់ត្រូវបានរាយការណ៍រហូតមកដល់ពេលនេះ។
លោកស្រី អានេ អានសៀ (Anne Ancia) តំណាងអង្គការសុខភាពពិភពលោកប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវតាមរយៈវីដេអូថា «ទំហំពិតប្រាកដនៃការផ្ទុះឡើងមិនទាន់ត្រូវបានបង្កើតឡើងយ៉ាងពេញលេញនៅឡើយទេ»។
ថ្លែងពីទីក្រុងប៊ូនៀ ដែលជារដ្ឋធានីនៃខេត្តអ៊ីទូរី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើង លោកស្រី អានសៀ បាននិយាយថា គិតត្រឹមថ្ងៃទី៤ ខែកក្កដា ប្រទេសប្រជាធិបតេយ្យកុងហ្គោបានកត់ត្រាករណីដែលបានបញ្ជាក់ចំនួន ១.៥៦១ករណី រួមទាំងការស្លាប់ចំនួន ៥០៦នាក់ និងការជាសះស្បើយចំនួន ២៥៤នាក់។ អ្នកដែលបានប៉ះពាល់ផ្ទាល់មានជាង១០.០០០នាក់កំពុងត្រូវបានត្រួតពិនិត្យ។
លោកស្រី អានសៀ បាននិយាយថា រដ្ឋាភិបាលមូលដ្ឋានដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោកកំពុងតាមដានប្រវត្តិនៃករណីនីមួយៗដើម្បីបង្កើតខ្សែសង្វាក់នៃការចម្លង និងញែកអ្នកដែលបានប៉ះពាល់។លោកស្រីបានបន្ថែមថា មជ្ឈមណ្ឌលព្យាបាលកំពុងដំណើរការ «នៅចំណុចតិត្ថិភាព» ហើយបុគ្គលិកពេទ្យនៅតែបន្តបម្រើសហគមន៍ដែលរងផលប៉ះពាល់ ទោះបីជាមានបញ្ហាប្រឈមដ៏ធំសម្បើមក៏ដោយ។
ការផ្ទុះឡើងនៃជំងឺបច្ចុប្បន្នត្រូវបានប្រកាសនៅថ្ងៃទី១៥ ខែឧសភាហើយបានរីករាលដាលនៅក្នុងតំបន់ដែលមានជម្លោះសកម្ម ការផ្លាស់ទីលំនៅ និងសេវាសុខភាពហួសប្រមាណ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





