សៀរ៉ាឡេអូន និងហ្គីណេ បើកព្រំដែនយ៉េនហ្គាឡើងវិញ បន្ទាប់ពីមានការចរចាផ្នែកការទូត
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ -- រដ្ឋាភិបាលសៀរ៉ាឡេអូនកាលពីថ្ងៃចន្ទ បានប្រកាសបើកច្រកព្រំដែនយ៉េនហ្គាឡើងវិញជាមួយប្រទេសហ្គីណេ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការការទូតជាបន្តបន្ទាប់រវាងប្រទេសជិតខាងទាំងពីរ។
យោងតាមការជូនដំណឹងជាសាធារណៈដែលចេញដោយក្រសួងព័ត៌មាន និងអប់រំស៊ីវិល បានឱ្យដឹងថា ច្រកព្រំដែននៅភូមិយ៉េនហ្គាតាមបណ្តោយទន្លេម៉ាកូណាបានបើកឡើងវិញជាផ្លូវការនៅថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចឆ្លងកាត់កូអ៊ីនឌូ-ណុនហ្គោអា នៃតំបន់គីសស៊ីតេងឈីហ្វដុម ស្រុកកៃឡាហ៊ុន ដោយស្តារពាណិជ្ជកម្មឆ្លងដែន និងចលនារបស់ប្រជាជនឡើងវិញ។
ព្រំដែននៅតែបិទចាប់តាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យមានការលំបាកផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ច រួមទាំងការផ្លាស់ទីលំនៅរបស់ប្រជាជនពីច្រកយ៉េនហ្គាទៅច្រកកូអ៊ីនឌូ និងសហគមន៍ក្បែរនោះ។ ក្នុងអំឡុងពេលបិទ រដ្ឋាភិបាលសៀរ៉ាឡេអូនបានផ្តល់ជំនួយដល់ប្រជាជនដែលរងផលប៉ះពាល់ ខណៈពេលដែលបន្តកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយភាពជាប់គាំង។
ក្រសួងបាននិយាយថា ការបើកឡើងវិញនេះបានធ្វើឡើងបន្ទាប់ពីការណែនាំពីប្រធានាធិបតីសៀរ៉ាឡេអូន លោក ជូលូស ម៉ាអាដា ប៊ីអូ(Julius Maada Bio) និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធសាធារណរដ្ឋសៀរ៉ាឡេអូន និងកងកម្លាំងប្រដាប់អាវុធហ្គីណេ ដោយមានការគាំទ្រពីអាជ្ញាធរនយោបាយ និងរដ្ឋបាលនៃប្រទេសទាំងពីរ។
ក្រោមកិច្ចព្រមព្រៀងដែលបានយល់ស្របគ្នា អាជ្ញាធរចំណូលជាតិសៀរ៉ាឡេអូននឹងបន្តប្រមូលចំណូលនៅក្នុងទឹកដីសៀរ៉ាឡេអូន រួមទាំងច្រកយ៉េនហ្គា ខណៈដែលនាយកដ្ឋានអន្តោប្រវេសន៍សៀរ៉ាឡេអូននឹងរក្សាវត្តមានរបស់ខ្លួននៅក្នុងតំបន់នោះ។
រដ្ឋាភិបាលទាំងពីរក៏បានឯកភាពគ្នាផងដែរថា ប្រទេសហ្គីណេនឹងជូនដំណឹងដល់សៀរ៉ាឡេអូនយ៉ាងហោចណាស់ ៤៨ម៉ោងមុនពេលបិទព្រំដែននាពេលអនាគត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





