ជំនួយសង្គ្រោះនៃគ្រោះរញ្ជួយដីដំបូងរបស់ប្រទេសចិនបានមកដល់ប្រទេសវេណេស៊ុយអេឡាហើយ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ -- សម្ភារៈជំនួយមនុស្សធម៌បន្ទាន់ដំបូងដែលផ្តល់ដោយរដ្ឋាភិបាលចិនទៅកាន់ប្រទេសវេណេស៊ុយអេឡាបានមកដល់កាលពីថ្ងៃចន្ទ នៅអាកាសយានដ្ឋានអន្តរជាតិ Simon Bolivar ក្នុងទីក្រុងម៉ៃកេទា ជិតរដ្ឋធានីការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។
លោក អ៊ីវ៉ាន់ ជីល (Yvan Gil) រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡានិងលោក ឡាន ហ៊ូ (Lan Hu) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសវេណេស៊ុយអេឡា បានទទួលសម្ភារៈទាំងនេះនៅអាកាសយានដ្ឋាន។
លោក ជីល បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន និងថ្នាក់ដឹកនាំរបស់ខ្លួនក្នុងនាមប្រជាជនវេណេស៊ុយអេឡាសម្រាប់ការផ្តល់សម្ភារៈជំនួយសង្គ្រោះ ដោយលោកបាននិយាយថាប្រទេសចិនបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡាចាប់តាំងពីការរញ្ជួយដីបានកើតឡើង។
លោក ជីល បាននិយាយថា សម្ភារៈជំនួយទាំងនោះ រួមទាំងតង់ និងម៉ាស៊ីនភ្លើង មានសារៈសំខាន់យ៉ាងខ្លាំងចំពោះប្រជាជនដែលបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេនៅក្នុងគ្រោះមហន្តរាយនេះ ដោយលោកបានបន្ថែមថា សម្ភារៈទាំងនេះបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់កាលៈទេសៈដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
លោកបាននិយាយថា សហគមន៍ចិន និងសហគ្រាសដែលផ្តល់មូលនិធិដោយចិននៅក្នុងប្រទេសវេណេស៊ុយអេឡា បានបន្តជួយយ៉ាងសកម្មបន្ទាប់ពីគ្រោះមហន្តរាយនេះ ដោយចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនិងជួយដល់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅតាំងពីដំបូង។
កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយការរញ្ជួយដីដ៏ខ្លាំងបំផុតរបស់ខ្លួនក្នុងរយៈពេលជាងមួយសតវត្សរ៍ ដោយមានរញ្ជួយដីខ្លាំងពីរលើកដែលមានកម្លាំងលើសពី៧រ៉ិចទ័របានកើតឡើងក្នុងរយៈពេលមួយនាទី។ រហូតមកដល់ពេលនេះការរញ្ជួយដីទាំងនេះបានសម្លាប់មនុស្សចំនួន ៣.៣៤២នាក់ និងរបួស១៦.៧៤០នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





