កិច្ចប្រជុំប្រចាំឆមាសទី១ឆ្នាំ២០២៦ជាមួយមន្រ្តីមន្ទីរកិច្ចការនារីខេត្ត ក្រុមការងារយេនឌ័រតាមមន្ទីរ-អង្គភាពជុំវិញខេត្តនិងមន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង/ស្រុកទាំង៩
AKPកំពង់ធំថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៦--នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ធំកាលពីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៦បានរៀបចំកិច្ច ប្រជុំប្រចាំឆមាសទី១ឆ្នាំ២០២៦ជាមួយមន្ត្រីមន្ទីរកិច្ចការនារីខេត្ត ក្រុមការងារយេនឌ័រមន្ទីរ-អង្គភាពជុំវិញខេត្តនិងមន្ត្រីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពក្រុម/ស្រុកទាំង៩ក្រោមអធិបតីភាពលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងលោកស្រី លំ គន្ធារីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីមន្ទីរកិច្ចការនារីខេត្ត ក្រុមការងារយេនឌ័រតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ,មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង/ស្រុកទាំង៩សរុបចំនួន៥០ នាក់(ស្រី៤៦នាក់)។
កិច្ចប្រជុំមានគោលបំណងដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តការងារ និងសមាសភាពរបស់ក្រុមការងារ យេនឌ័រតាមមន្ទីរជុំវិញខេត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ រកចំណុចល្អបញ្ហាប្រឈម ដែលជួបប្រទះនិងពិភាក្សារកដំណោះស្រាយ។ ពិនិត្យនិងប្រមូលទិន្នន័យថ្នាក់ដឹកនាំជាស្ត្រីពីថ្នាក់ខេត្តរហូតដល់ក្រុង/ស្រុក និងឃុំសង្កាត់។បន្ទាប់ពីបើកកិច្ចប្រជុំ ក្រុមការងារយេនឌ័រតាមមន្ទីរវិស័យនិងការិយាល័យសង្គមកិច្ចនិងសុខុមាលភាពក្រុង ស្រុក ទាំង៩ បានរាយការណ៍ពីសកម្មភាពការងារ ដែលបានអនុវត្តរយៈពេល១ឆមាសកន្លងមក និងបញ្ហាប្រឈមដែលមាននៅតាមមន្ទីរ-អង្គភាពនិងក្រុង/ស្រុក មកពិភាក្សានិងដោះស្រាយរួមគ្នា។

លោកស្រីស៊ិន ស៊ីផានបានលើកទឹកចិត្តឱ្យជនបង្គោលយេមឌ័រជួយផ្សព្វផ្សាយបញ្ជ្រាបទៅតាមកម្មវិធីរបស់មន្ទីរអង្គភាពដែលមានអង្គការដៃគូឬកម្មវិធីផ្សេងៗជួយជំរុញឱ្យស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យដើម្បីកាត់បន្ថយអត្រាស្លាប់កើតនិងកើតស្លាប់របស់ទារក,លើកទឹកចិត្តដល់ស្ត្រីយកចិត្តទុកដាក់ថែទាំសុខភាពពាក់ព័ន្ធនឹងបញ្ហាជំងឺមហារីកសុដន់និងមហារីកស្បូនដែលកំពុងតែកើតមាននិងករណីមានអំពើហិង្សាក្នុងគ្រួសារយើងមានមេធាវីសម្រាប់ជួយជនរងគ្រោះដោយមិនគិតថ្លៃសម្រាប់អ្នកក្រីក្រ។លើកទឹកចិត្តឱ្យអាណាព្យាបាលជំរុញកូនស្រីឱ្យរៀនបានខ្ពង់ខ្ពស់ដូចកូនប្រុសនិងលើកទឹកចិត្តឱ្យជនបង្គោលជួយគាំទ្រដល់ស្ត្រីវ័យក្មេងដែលជាទំពាំងស្នងឬស្សីសម្រាប់បន្តវេន។
បន្ទាប់មកលោកស្រី ហៀវ ចាន់រី អនុប្រធានមន្ទីរ បានពិនិត្យទិន្នន័យថ្នាក់ដឹកនាំជាស្ត្រី ចាប់ពីថ្នាក់ដឹកនាំខេត្ត/ក្រុង/ស្រុក/ឃុំសង្កាត់និងតាមមន្ទីរវិស័យ។

ក្នុងនោះអំពីបញ្ហាប្រឈមនិងសំណូមពររួមមាន៖១.មន្រ្តីជានារីមួយចំនួន មិនទាន់មានការជឿជាក់លើខ្លួនឯង។ ២.មន្ត្រីមួយចំនួនខ្វះការលើកទឹកចិត្តពីបុរសឱ្យបានពេញលេញ។ ៣.ខ្វះថវិកាសម្រាប់អនុវត្តសកម្មភាព។ ៤.ថ្នាក់ដឹ កនាំជាស្ត្រី ក្នុងការធ្វើសេចក្តីសម្រេច នៅមានចំនួនតិច (អនុប្រធានមន្ទីរ ,ប្រធានការិយា ល័យ អនុប្រធានការិយាល័ យ )។៥.ស្ត្រីមួយចំនួន ចំណេះដឹង និងជំនាញ នៅមានកម្រិតនិង៦.នៅខ្វះភាពក្លាហាន។
សំណូមពរ៖១.សូមឱ្យមានវគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹក នាំ ,សមភាពសមធម៌យេនឌ័រ ដើម្បីពង្រឹងដល់ក្រុមការងារយេនឌ័របន្ថែមទៀត។ ២.សូមឱ្យមានទស្សន:កិច្ចសិក្សានៅក្រៅខេត្តដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ។៣.សូមឱ្យមានអនុប្រធានមន្ទីរជាស្ត្រីឱ្យបានគ្រប់មន្ទីរ ។

លោកស្រីស៊ិន ស៊ីផានបានផ្តាំផ្ញើរដល់សមាជិកអង្គប្រជុំ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះទៅសូមលោក លោកស្រីជួយជម្រាបទៅ ប្រធានមន្ទីរឱ្យជួយពិនិត្យនិងកែសម្រួលលើក្រុមការងារបញ្រ្ជាបយេនឌ័រឡើងវិញ ព្រោះវាមានសារៈសំខាន់ណាស់ សម្រាប់ការងារបញ្ជ្រាបយេនឌ័រ និងលើកទឹកចិត្តឱ្យជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគាំទ្រនិងប្រើប្រាស់ផលិតផលខ្មែរហើយពលិកាផលិតផលសៀម និងជួយជំរុញដល់ណាព្យាបាលដែលមានកូនគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត។នៅពេលខាងមុខក្នុងឆ្នាំ២០២៧មានការបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងឆ្នាំ២០២៨ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ៕
ដោយ៖ ស៊ុម វណ្ណា





