អង្គការ World Vision រៀបចំកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្តគណនេយ្យភាពសង្គម
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦--អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា World Vision នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានសហការជាមួយ លេខាធិការដ្ឋាន គជអប - NCDDS រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលស្រុកមោងឫស្សី បានរៀបចំ «កម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី២» នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ក្នុងកម្មវិធីនេះ សហគមន៍ និងអ្នកពាក់ព័ន្ធបានចុះទស្សនកិច្ចសិក្សាផ្ទាល់នៅ សាលាបឋមសិក្សា និង មណ្ឌលសុខភាព ក្នុងមូលដ្ឋាន។ តាមរយៈកម្មវិធីនេះ អ្នកចូលរួមនឹងមានឱកាសសិក្សាស្វែងយល់ ពីបទពិសោធន៍ជាក់ស្តែង និងការអនុវត្តល្អៗនៅមូលដ្ឋាន។ ជជែកពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា។ ពង្រឹងកិច្ចសហការ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកផ្តល់សេវា និងសហគមន៍។ និង ជម្រុញការចូលរួម របស់ប្រជាពលរដ្ឋ ដើម្បីសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ។

កម្មវិវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្តគណនេយ្យ ភាពសង្គមនេះ មានការចូលរួមពីតំណាងមកពីខេត្តចំនួន ៥ រួមមាន បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន និងឧត្តរមានជ័យ ៕

ដោយ៖ ណយ នឿន (ប្រភព៖World Vision)





