ឯកឧត្តម គន់ គីម ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក នៅខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៧--ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព និងសំណេះ សំ ណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុង ភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីអញ្ជើញចុះសួរសុខទុក្ខបងប្អូនជនភៀសសឹករួចមក ឯកឧត្តម គន់ គីម រួមជាមួយ រដ្ឋបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដី ដើម្បីសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២បន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅជម្រកចល័ត និងមិនអាចត្រឡប់ទៅលំនៅឋានវិញ។

ឯកឧត្តម គន់ គីម ថ្លែងថា ផែនការបន្តសាងសង់ផ្ទះបណ្តោះអាសន្ន គឺជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលមិនទុកបងប្អូនប្រជាពលរដ្ឋភៀសសឹករងការខូចខាតលំនៅឋានជួបការលំបាកឡើយ ពោលបូករួមជាមួយការគិតគូរឧបត្ថម្ភគាំទ្រដល់ជីវភាពរស់នៅ និងដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋភៀសសឹកមានកន្លែងស្នាក់នៅសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខុមាលភាពបំផុត៕


ដោយ៖ ណយ នឿន ,ប្រភព៖សមាគមអតីតយុទ្ធជន





