អាជ្ញាធរក្រុងដូនកែវ ជម្រុញឱ្យម្ចាស់សំណង់ប្រញាប់រួសរាន់ មកធ្វើច្បាប់អនុញ្ញាតសាងសង់ឱ្យបានត្រឹមត្រូវ
AKPតាកែវថ្ងៃទី08ខែកក្កដាឆ្នាំ2026--ក្នុងវិធានការរឹតបន្តឹងច្បាប់សំណង់ ពង្រឹងសណ្ដាប់ធ្នាប់ និងសោភណភាពទីក្រុង លោក សោ សុផល អភិបាលរងនៃគណៈអភិបាលក្រុងដូនកែវ បានដឹក នាំមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យការដ្ឋានសំណង់ផ្ទាល់ដល់ទីតាំង។ការចុះត្រួតពិនិត្យការដ្ឋានសំណង់នេះ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់បារាយណ៍ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី7ខែកក្កដាឆ្នាំ២០២៦។

នៅក្នុងឱកាសចុះត្រួតពិនិត្យផ្ទាល់នោះ លោក សោ សុផល អភិបាលរងនៃគណៈអភិបាលក្រុងដូនកែវ បានធ្វើការណែនាំ ទៅកាន់ម្ចាស់ការដ្ឋានសំណង់ទាំងអស់ថា រាល់ការសាងសង់លំនៅ ឋាន អគារ ឬសំណង់ផ្សេងៗគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រក្រុងដូនកែវ ត្រូវតែមានលិខិតអនុញ្ញាតសាងសង់ជាផ្លូវការជាដាច់ខាត មុននឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់។ចំពោះម្ចាស់ការដ្ឋានសំណង់ដែលរកឃើញថាគ្មានច្បាប់អនុ ញ្ញាត ត្រូវតែផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន រួចប្រញាប់រួសរាន់មកទំនាក់ទំនងជាមួយ ការិយាល័យជំនាញនៃរដ្ឋបាលក្រុងដូនកែវ ដើម្បីរៀបចំឯកសារច្បាប់អនុញ្ញាតសាងសង់ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ជាធរមាន។
លោកអភិបាលរងក្រុងដូនកែវ បានមាន ប្រសាសន៍បន្តថា ប្រសិនបើបងប្អូនម្ចាស់សំណង់ណានៅតែបន្តរឹងរូស មិន ព្រមមកសហការធ្វើច្បាប់អនុញ្ញាត ឬបន្តលួចលាក់សាងសង់ខុសបច្ចេកទេស អាជ្ញាធរក្រុងដូនកែវនឹងចាត់វិធានការរដ្ឋបាលយ៉ាងតឹងរ៉ឹងបំផុត។គឺផ្អាកការដ្ឋា នជាអចិន្ត្រៃយ៍ និងអនុវត្តទៅតាមនីតិវិធីច្បាប់ស្តីពីសំណង់ ដោយគ្មានការយោ គយល់ឡើយ។ការរឹតបន្តឹងនេះគឺដើម្បីធានាបាននូវសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិរបស់អ្នករស់នៅផ្ទាល់ផង និងដើម្បីចូលរួមចំណែកកសាងក្រុងដូនកែវ ឱ្យមានរបៀបរៀប រយ មានប្លង់ត្រឹមត្រូវ និងមានសោភ័ណភាពល្អប្រសើរ។
លោក សោ សុផល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនទាំងអស់ ដែលបើកការដ្ឋានសាងសង់សំណង់ក្នុងក្រុងដូនកែវ មេត្តាចូលរួមគោរពច្បាប់សំណង់ និងសហការជាមួយអាជ្ញាធរឱ្យបានល្អ ដើម្បីរួមគ្នាអភិវឌ្ឍទីក្រុងដូនកែវ ឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាពនិងសុវត្ថិភាពខ្ពស់។
ជាលទ្ធផលនៃការចុះប្រតិបត្តិការត្រួតពិនិត្យយ៉ាងដិតដល់ លើការដ្ឋានសំណង់សរុបចំនួន២៥ទីតាំង ក្រុមការងា រជំនាញបានរកឃើញ១៥ទីតាំង ដែលកំពុងដំណើរការសាងសង់ ដោយពុំទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច និង១០ទីតាំងផ្សេងទៀត ដែលម្ចាស់សំណង់បាននិងកំពុងរៀបចំឯកសារស្នើសុំច្បាប់អនុញ្ញាតសាងសង់៕
ដោយ៖ អ៊ុច សៀង





