អភិបាលស្រុកស្ទោងអំពាវនាវឱ្យពលរដ្ឋចូលរួមសម្បទានដីដើម្បីបើកផ្លូវថ្មី ខណៈប្រជាពលរដ្ឋសម្តែងការសាទរ
AKP កំពង់ធំ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦--លោកសាយ គឹមឡមអភិបាលស្រុកស្ទោងបានអំពាវនាវឱ្យពលរដ្ឋចូលរួមសម្បទានដីបើកផ្លូវថ្មីខណៈប្រជាពលរដ្ឋសម្តែងការសាទរយ៉ាងក្រៃលែង។ការអំពាវនេះក្នុងឱកាសលោកអភិបាលស្រុកចុះជួបសំណេះសំណាល និងបើកពង្រីកស្ថាបនាផ្លូវថ្មីជាច្រើនខ្សែនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែងាយស្រួល សុវត្ថិភាពនិងរហ័សជាងមុន។
លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ការចូលរួម លះបង់ សហការចូលរួមសម្បទានដីធ្លី ឬផលដំណាំ ព្រមទាំងផលប៉ះពាល់ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ស្រុកភូមិរបស់យើង គឺយើងបានផ្លូវធំទូលាយ ល្អស្អាត និងរឹងមាំ ហើយត្រូវតែមានការចូលរួមថែរក្សាពីយើងទាំងអស់គ្នា ជាពិសេសពុកម៉ែបងប្អូនដែលនៅជាប់នឹងផ្លូវថ្មីនេះ។

លោកអភិបាលស្រុកបានលើកឡើងថា ដើម្បីជាគុណតម្លៃនិងគុណប្រយោជន៍តកូន តចៅសូមពុកម៉ែបងប្អូនចូលរួមរៀបចំនិងការពារប្រព័ន្ធរំដោះទឹក លូបង្ហូរទឹក ឱ្យបានល្អប្រសើរ ចៀសវាងការដក់ទឹកលើផ្ទៃផ្លូវ ដែលជាមូលហេតុចម្បងធ្វើឱ្យផ្លូវឆាប់ខូច មិនត្រូវសាងសង់សំណង់ ឬដាក់តាំងលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈនោះឡើយ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ និងគោរពច្បាប់ភូមិបាលឱ្យបានល្អប្រសើរ ដើម្បីបង្ការទំនាស់ដីធ្លី និងងាយស្រួលដល់រដ្ឋបាលស្រុក និងក្រុមការងារចុះមូលដ្ឋានឃុំទ្រាដែលដឹកនាំផ្ទាល់ដោយលោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវការនិងសំណូមពរជាក់ស្ដែងបំផុតរបស់ពលរដ្ឋ។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកក៏បានណែនាំដល់អាជ្ញាធរឃុំទ្រាត្រូវពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ ២០២៦ និងឆ្នាំ២០២៧ ព្រមទាំងលើកគម្រោងអភិវឌ្ឍដល់ក្រុមការងារចុះមូលដ្ឋានឃុំទ្រា ដើម្បីបានធ្វើផ្លូវនេះឱ្យបានទាន់ពេលវេលា ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរស្រុកស្ទោងដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខ និងការរស់នៅរបស់ពលរដ្ឋ ហើយពួកគាត់បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា និងចូលរួមសហការជាមួយអាជ្ញាធរគ្រប់បែបយ៉ាងដើម្បីឱ្យគម្រោងផ្លូវថ្មីនេះលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពជាក់ស្ដែងក្នុងការបើកផ្លូវចាស់ នឹងពង្រីកផ្លូវ នៅក្នុងឱកាសនេះមានចំនួន៧ខ្សែ ដែលមានប្រវែងសរុបជាង២គីឡូម៉ែត្រស្ថិតនៅក្នុងភូមិលាបទង ទ្រា តាចរ និងភូមច្រាំងស ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ៕

ដោយ ស៊ុម វណ្ណា





