សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរខេត្តមណ្ឌលគិរី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយវៀតណាម ដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
AKP មណ្ឌលគិរី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តឱ្យអាជ្ញាធរខេត្តមណ្ឌលគិរី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើង ក្នុងខណៈសម្ដេចបានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរីចំនួន ៥០០ នាក់ នាព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី។

ក្នុងពិធីជួបសំណេះសំណាលនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនថ្នាក់ដឹកនាំមន្ត្រីរាជការ ក្នុងខេត្តមណ្ឌលគិរីសាជាថ្មី។ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្ត ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។ សម្តេចតេជោក៏បានក្រើនរម្លឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ សម្តេចតេជោក៏បានជំរុញ និងគាំទ្រចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារ និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ។ សម្តេចក៏បានរំឭកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។

សម្តេចតេជោក៏បានមានប្រសាសន៍ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជន ពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះត្រូវយកចិត្តទុកដាក់ដល់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ និងការរៀបចំកម្មវិធីផ្សេងសម្រាប់ពួកគាត់ដើម្បីកុំឱ្យពួកគាត់មានភាពឯកោ។ សម្ដេចក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។ សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរីនេះ ទាក់ទងទៅនឹងការធ្វើអាជីវកម្មរ៉ែ កុំឱ្យប៉ះពាល់ដល់បរិស្ថាន និងចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។

តាមរបាយការណ៍របស់ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ខេត្តមណ្ឌលគិរីស្ថិតនៅភូមិភាគឦសាន មានចម្ងាយផ្លូវប្រវែង ៣៨២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ មណ្ឌលគិរីមានច្រកទ្វារព្រំដែនទ្វេភាគីសំខាន់ៗចំនួន៣ រួមមាន ច្រកទ្វារឡាប៉ាខេ នៅស្រុកកែវសីមា ច្រកទ្វារដាក់ដាំ នៅស្រុកអូររាំង ច្រកទ្វារណាំលៀរ នៅស្រុកពេជ្រាដា និងច្រកទ្វារជីមៀត ស្រុកកោះញែក តែមិនទាន់មានដំណើរការ។ ក្រោមគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលទាំងក្នុងពេលដឹកនាំដោយសម្តេចតេជោ និងដឹកនាំដោយសម្ដេចធិបតីនាពេលបច្ចុប្បន្ន ធ្វើឱ្យខេត្តមណ្ឌលគិរី មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ មណ្ឌលគិរី គឺជាខេត្តមួយដែលមានផ្ទៃដីធំទូលាយ ដីសំបូរទៅដោយជីជាតិអំណោយសម្រាប់ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម ជាពិសេសដំណាំកៅស៊ូ ស្វាយចន្ទី និងដំណាំសំខាន់ៗជាច្រើនទៀត។ បច្ចុប្បន្នផ្ទៃដីផលិតកម្មផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម មានប្រមាណ ១២៣ ៦៨៥ហិកតា ទទួលបានបរិមាណផលប្រមាណ ៥២៤ ៣៥៧តោន។ ផ្ទៃដីកៅស៊ូ ប្រមាណ ៤៣ ៩១២ហិកតា។ ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ២២ ៧៨៦ហិកតា បរិមាណផល ជ័រកៅស៊ូប្រមាណ ២៩ ៣០៤តោន ដំណាំស្វាយចន្ទី មានប្រមាណ ១១ ១៦៥ហិកតា បរិមាណផលសរុប ១០ ៣២៨តោន។ វិស័យទេសចរណ៍វិញ ខេត្តមណ្ឌលគិរី មានតំបន់រមណីយដ្ឋានទេសចរណ៍សរុបចំនួន១០៥កន្លែង ដែលមានជាទឹកជ្រោះ ទេសភាព វាលស្មៅ ហើយសេវាកម្មទេសចរណ៍ មានដូចជា សណ្ឋាគារ រីសត ផ្ទះលំហែ ម៉ូតែល ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្មទេសចរណ៍ផ្សេងៗ។ ចំពោះវិស័យរ៉ែ មណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា បានធ្វើអាជីវកម្មចម្រាញ់រ៉ែមាសចាប់ពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ដោយចម្រាញ់រ៉ែមាសបានចំនួនជាង ១៨តោនមាស។

គួររម្លឹកដែរថា នេះជាបេសកកម្មលើកទី១៧ និងចំនួន២០ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមឡើងពីខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្ដាល សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី៕

ដោយ៖ ជឹម ណារី





