អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ៣៥គ្រួសារ នៅឃុំដងកាំបិត បានទទួលអំណោយមនុស្សធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ
AKP កំពង់ធំ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ -- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដីនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន៣៥គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក លុន យ៉េន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅនៅក្នុងឃុំ និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត ដែលបានជួយដោះស្រាយការលំបាកគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំដងកាំបិតជាបន្តបន្ទាប់ និងសូមគោរពជូនពរសម្តេចនិងលោកជំទាវ និងក្រុមការងារទាំងអស់សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ដែលសម្ដេច ឯកឧត្តមនិងលោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតជាមួយគ្នានោះដែរ សម្ដេច ឯកឧត្តម និងលោកជំទាវ សូមជូនពរលោកពូ អ្នកមីង បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសុខភាពល្អនិងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងទៅនេះ នៅឃុំដងកាំបិត ដែលជាឃុំនៅចុងកាត់មាត់ញករបស់ស្រុកសណ្ដាន់ មានព្រំប្រទល់ជាប់ជាមួយឃុំរុងរឿង និងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ មានការលំបាកក្នុងការធ្វើដំណើរដឹកទំនិញកសិផលផ្សេងៗ និងការធ្វើចរាចរណ៍ទៅកាន់ទីរួមស្រុកសណ្ដាន់ មានការលំបាកយ៉ាងខ្លាំង។ តែបច្ចុប្បន្ននេះ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងស្រុកសណ្ដាន់ បានធ្វើឱ្យឃុំដងកាំបិតមានការប្រែប្រួលថ្មី ដោយមានសំណង់ស្ទាក់ទឹកមានតម្លៃរាប់លានដុល្លារ សម្រាប់បម្រើឱ្យវិស័យកសិកម្មនៅខេត្តកំពង់ធំ។ ព្រមជាមួយនោះ ផ្លូវលំ ស្ពានថ្នល់ ត្រូវបានស្ថាបនាសម្រួលដល់ការចរាចរណ៍ដឹកទំនិញផ្សេងៗបានលឿនរហ័ស ទាំងនៅប៉ែកខាងលិចស្ទឹងនិងនៅប៉ែកខាងកើតស្ទឹងសែនក្នុងឃុំដងកាំបិតយើង។ ទីវត្តអារាមត្រូវបានក្រុមការងារចុះមូលដ្ឋានឃុំ ជួយសាងសង់កុដ និងឧបដ្ឋានសាលា ព្រមទាំងសមិទ្ធផលមួយចំនួនទៀតនៅក្នុងវត្តស្រែវាលខាងកើត។ ដោយឡែក សាឡង់១គ្រឿង អំណោយរបស់សម្ដេចមហាបវរធិបតី ត្រូវបានក្រុមការងារប្រគល់ជូនក្រុមប្រឹក្សាឃុំដងកាំបិត សម្រាប់ចម្លងជូនសិក្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់សូមមេត្តាជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសបញ្ហាព្រំដែន ដែលកន្លងទៅនេះត្រូវបានទាហានថៃរំលោភបំពានកាន់កាប់បូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់ នៅបណ្ដាតំបន់មួយចំនួនហើយបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយគ្រប់បែបយ៉ាង តាមរយៈយន្តការនានាដែលនៅជាធរមានដោយសន្តិវិធី និងតាមយន្តការច្បាប់អន្តរជាតិ ដើម្បីទាមទារដែនបូរណភាពទឹកដីកម្ពុជាត្រឡប់មកវិញឱ្យខាងតែបាន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារបានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតទាំង ៣៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន៨កញ្ចប់ ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ៕
ដោយ ស៊ុម វណ្ណា





