ក្រសួងបរិស្ថានបញ្ចប់ការចាក់សំរាម នៅទីលានទុកដាក់សំរាម១កន្លែង នៅក្នុងស្រុកស្ទឹងហាវ ក្រោយពុលត្រីឱ្យងាប់បន្តបន្ទាប់
AKP ភ្នំពេញ ថ្ងៃទី 0៧ ខែកក្កដា ឆ្នាំ ២០២៦--ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធដែលក្នុងនោះមានអាជ្ញាធរមូលដ្ឋានបានចុះត្រួតពិនិត្យ ករណីបង្កឱ្យត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋបានងាប់ជាបន្តបន្ទាប់ ស្ថិតនៅក្នុង ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី៧ ខែកក្កដានេះថា ក្នុងការចុះពិនិត្យជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមការងារបានរកឃើញថា ការចាក់សំណល់រឹងឧស្សាហកម្ម របស់ក្រុមហ៊ុន Mi Ner Va Investment Co., Ltd. លើទីតាំងទុកដាក់សំរាម១កន្លែងនៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវ ដែលបានរៀបចំឡើងពុំសមស្របតាមលក្ខណៈបច្ចេកទេសបរិស្ដាន និងសំណល់រាវលេចចេញ ប៉ះពាល់ដល់អូរធម្មជាតិ ដែលជាមូលហេតុបណ្តាលឱ្យមានបញ្ហាត្រីងាប់ជាបន្តបន្ទាប់មកនេះ។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមការងារជំនាញបានយកសំណាកទឹកមកពិនិត្យបន្ថែម នៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ដើម្បីតាមដាន ប៉ារ៉ាមែត្រនៃសាធាតុបំពុលទឹកបន្ថែមទៀតផងដែរ។
ក្រសួងបរិស្ថានបានឱ្យដឹងដែរថា ក្រោយការពិនិត្យឃើញនេះមន្រ្តីជំនាញបានចាត់វិធានការឱ្យបញ្ឈប់ការចាក់សំណល់ គ្រប់ប្រភេទនៅទីតាំងខាងលើ ចាប់ពីពេលនេះតទៅ ដោយត្រូវបង្វែរទៅចាក់នៅទីតាំងផ្សេងវិញ ដែលមានការអនុញ្ញាតត្រឹមត្រូវ។ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ដែលបំពុលទឹក និងបង្កឱ្យត្រីងាប់។

ក្រសួងបរិស្ថានបានតម្រូវឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន Mi Ner Va Investment Co., Ltd. ដែលបានប្រមូលសំណល់រឹងឧស្សាហកម្ម ទៅចាក់នៅទីតាំងទាំងនេះ ដែលបង្កឱ្យមានបញ្ហាបំពុលបរិស្ថាន,ត្រីងាប់ និងតម្រូវឲ្យផ្តល់សំណងការខូចខាតដោយផ្ទាល់ និងដោយប្រយោល រួមនឹងការស្តារបរិស្ថានឡើងវិញ៕
ដោយ មករា





