រដ្ឋបាលរាជធានីភ្នំពេញបន្ដចុះត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្ដ ONLINES CAMSចំនួន ៩៤ទីតាំងរកឃើញជនប្រព្រឹត្ដបទល្មើស៨នាក់បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២៦--ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិនបុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យ ប្រព្រឹត្តបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINES CAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន៩៤ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន២៨៦នាក់(ស្រី៨៤នាក់)គ្មានលិខិតឆ្លងដែន៣នាក់. កាលពីរាត្រីថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២៦ ។

បើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ ក្នុងប្រតិបត្តិការនោះដែរ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា១ករណី នៅបុរីប៊ុនលីចំការដូង ផ្ទះលេខ C១៦ ផ្លូវលេខBL០២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់(ស្រី១នាក់) មានជនជាតិបង់ក្លាដេស ៧នាក់ (ប្រុស)និងជនជាតិមីយ៉ាន់ម៉ា១នាក់ (ស្រី) ក្នុងនោះគ្មានលិខិតឆ្លងដែន៣នាក់ ព្រមទាំងសម្ភារជាវត្ថុតាង រួមមាន៖ កុំព្យូទ័រយួរដៃ១២គ្រឿង ទូរស័ព្ទ ១៧គ្រឿង ដុំWiFi ១គ្រឿង ដុំModem ១គ្រឿងUSB Flash និងក្រដាសប្រាក់ ដុល្លារក្លែងក្លាយ (Copy)៤៩ សន្លឹក។

តាមការធ្វើកោសល្យវិច័យ របស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថា សម្ភារទាំងអស់នោះមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)ក្រោមរូបភាពអូសទាញលួងលោមស្នេហាហើយ បន្តបោកប្រាស់ដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ (Investment Scams) ដែល មានគោលដៅនៅសហរដ្ឋអាមេរិក, ប្រេស៊ីល,ម៉ិចស៊ីកូ និងកូឡុំប៊ី។បច្ចុប្បន្នជនសង្ស័យ និងសម្ភារទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីច្បាប់ ៕


ដោយ សួស សំរិត





