សិប្បកម្មទឹកសុទ្ធមួយនៅខេត្តកែប អាចផលិតបាន ៥ពាន់ដបក្នុងមួយម៉ោង ដោយឈរលើគុណភាព និងស្តង់ដារអនាម័យ
AKP កែប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦-- នាពេលបច្ចុប្បន្ន ការជ្រើសរើសប្រើប្រាស់ទឹកបរិសុទ្ធដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ កំពុងក្លាយជាអាទិភាពសម្រាប់ប្រជាពលរដ្ឋ។ ក្នុងនោះ ទឹកពិសាដប អ័រគីដេ ស្ព្រីង ដែលមានមូលដ្ឋានផលិតនៅខេត្តកែប កំពុងទទួលបានការគាំទ្រ និងការបញ្ជាទិញកើនឡើងពីសំណាក់អ្នកប្រើប្រាស់កាន់តែច្រើន។

លោក ជុន វុទ្ធី ម្ចាស់សិប្បកម្មផលិតទឹកពិសាដប អ័រគីដេ ស្ព្រីង បានឱ្យដឹងថា បច្ចុប្បន្ន ការលក់ទឹកបរិសុទ្ធមានការកើនឡើងជាបន្តបន្ទាប់ ដោយសារទទួលបានការជឿទុកចិត្តពីអតិថិជនលើគុណភាពផលិតផល និងការវេចខ្ចប់ប្រកបដោយអនាម័យ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង សិប្បកម្មរបស់លោកពង្រីកសង្វាក់ផលិតផលិតរហូត ៥,០០០ដប ក្នុងមួយម៉ោង។

លោកបានបន្ថែមថា ប្រភពទឹកដែលយកមកផលិត គឺជាប្រភពទឹកស្អាតដែលផ្គត់ផ្គង់ពីប្រព័ន្ធទឹករដ្ឋ និងមានប្រភពច្បាស់លាស់ពីទំនប់ប្រទាក់ក្រឡា។ មុននឹងឈានដល់ការវេចខ្ចប់ ផលិតផលទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យគុណភាព និងដំណើរការចម្រោះតាមស្តង់ដារ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពទឹកសម្រាប់អ្នកប្រើប្រាស់។

ម្ចាស់សិប្បកម្មខាងលើ ក៏បានបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ដោយគ្រោងពង្រីកសិប្បកម្មពីខ្នាតតូចទៅជាខ្នាតមធ្យម និងបន្តអភិវឌ្ឍឱ្យក្លាយជាសហគ្រាសខ្នាតធំនាពេលអនាគត។

គួរបញ្ជាក់ថា បច្ចុប្បន្ន សិប្បកម្ម អ័រគីដេ ស្ព្រីង បានផលិតទឹកបរិសុទ្ធចំនួន ៩ប្រភេទនៃទំហំដប ដើម្បីបំពេញតម្រូវការរបស់អតិថិជន មានចាប់ពីខ្នាតតូចបំផុតដែលងាយស្រួលប្រើប្រាស់ដូចជាក្នុងវេទិកាប្រជុំ ប្រភេទដបដែលសមស្របសម្រាប់លេងកីឡា និងប្រភេទដបធំដែលប្រើប្រាស់ក្នុងលក្ខណៈគ្រួសារ៕
ដោយ AKP





