ក្រសួងអប់រំ និងអង្គការ World Vision ចុះហត្ថលេខាលើគម្រោង លើកកម្ពស់សមត្ថភាព រដ្ឋបាលក្រុង ស្រុក
AKP ភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦--ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការទស្សនៈពិភពលោកអន្តរជាតិ World Vision នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «លើកកម្ពស់សមត្ថភាពរដ្ឋបាលក្រុង ស្រុក ដើម្បីអនុវត្តមុខងារដែលបានផ្ទេរ ក្នុងវិស័យអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងគុណភាពនៃការអប់រំរបស់សិស្ស» ។

លោកស្រីវិជ្ជបណ្ឌិត ថិន ធីហា នាយិកាស្តីទីប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ World Vision បានបង្ហាញពីការបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ រួមចំណែកដល់ការលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា «លទ្ធផលនៃគម្រោងសាកល្បងក្នុងខេត្តទាំងពីរនេះ បានក្លាយជាមូលដ្ឋានគ្រឹះ និងជាមេរៀនពិសោធន៍ ដ៏មានតម្លៃដែលអាចធ្វើឱ្យអង្គការទស្សនៈពិភពលោកបន្តផ្តល់ការគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រីកវិសាលភាពនៃការពង្រឹងសមត្ថភាពនេះទៅកាន់រាជធានី ខេត្តផ្សេងៗទៀត ដើម្បីធានាបាននូវសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ចំទិសដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម»។

សូមបញ្ជាក់ថា គម្រោងការនេះចាប់ផ្តើមពី ខែកក្កដា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧ នឹងត្រូវដាក់ឱ្យអនុវត្តនៅក្នុងខេត្តគោលដៅចំនួន ០៧ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ បាត់ដំបង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ ហើយកាលពីឆ្នាំ២០២៥ អង្គការទស្សនៈពិភពលោកអន្តរជាតិ ក៏បានអនុវត្តគម្រោងសាកល្បងលើកកម្ពស់សមត្ថភាព រដ្ឋបាល ក្រុង ស្រុក ក្នុងការអនុវត្តន៍មុខងារវិស័យអប់រំ យុវជន និងកីឡាដែលបានផ្ទេរនៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ៕

ដោយ ណយ នឿន (ប្រភព៖World Vision)





