កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
AKP ភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦--«យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) ឆ្នាំ២០២៦–២០៣០» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ក្របខ័ណ្ឌគោលនយោបាយជាតិដ៏មានសារៈសំខាន់ថ្មីនេះ បានរៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងបណ្តាក្រសួង និងស្ថាប័ននានា តំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការអន្តរជាតិ និងតំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើននាក់ នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងថា ការដាក់ចេញនូវយុទ្ធសាស្ត្រនេះ ធ្វើឡើងចំពេលដែលប្រវត្តិសាស្ត្រមនុស្សជាតិកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ។ ពិភពលោកកំពុងប្រឈមមុខនឹងភាពស្មុគស្មាញ និងវិបត្តិបរិស្ថាន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធ ការពង្រឹងទំនុកចិត្តឱ្យកាន់តែរឹងមាំ និងការរួមសកម្មភាពជាសមូហភាពកាន់តែខ្លាំងក្លាឡើង រវាងប្រជាជាតិទាំងអស់។ការទូតបរិស្ថាននេះដើរតួជាស្ពានចម្លងដ៏សំខាន់ដែលតភ្ជាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) នេះ បានកំណត់នូវសសរស្តម្ភ យុទ្ធសាស្ត្រចំនួនបី រួមមាន៖
ទី១-ការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយ ការបន្ស៊ាំ និងអភិបាលកិច្ច៖ ការងារនេះផ្តោតលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការការពារព្រៃឈើ ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ការលើកកម្ពស់កសិកម្មឆ្លាតវៃអាកាសធាតុ(climate-smart agriculture) និងការទាក់ទាញការវិនិយោគបៃតង។ ទន្ទឹមនឹងនេះ យុទ្ធសាស្ត្រនេះ ក៏សង្កត់ធ្ងន់លើការកសាងភាពធន់ តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ភាពត្រៀមលក្ខណៈរបស់សហគមន៍ ការពង្រឹងក្របខ័ណ្ឌស្ថាប័ន និងភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការកៀរគរហិរញ្ញប្បទានអាកាសធាតុ។

ទី២-ការលើកកម្ពស់ការអភិរក្សអេកូឡូស៊ី តាមរយៈការការពារ ជីវៈចម្រុះ ការស្តារព្រៃឈើ និងការគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍៖ សសរស្តម្ភនេះ មានគោលបំណងការពារប្រព័ន្ធ អេកូឡូស៊ីធម្មជាតិរបស់កម្ពុជា ដោយការពង្រឹងការអនុវត្តន៍ច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ការសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗ និងការផ្តល់ធនធានសម្រាប់ការអភិរក្ស។ ការងារនេះក៏ផ្តោតលើការស្តារព្រៃឈើយ៉ាងសកម្ម តាមរយៈការបង្កើតថ្នាលបណ្តុះ កូនឈើ និងការដាំដើមឈើឡើងវិញ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍ តាមរយៈ គោលដៅលម្លែបៃតង និងការគ្រប់គ្រងធនធានធម្មជាតិ។

ទី៣-ការការពារបរិស្ថាន តាមរយៈខ្យល់ ដី និងទឹក៖ សសរស្តម្ភនេះដោះស្រាយការគ្រប់គ្រងការបំពុល ដោយការពង្រឹងបទប្បញ្ញត្តិ និងការអនុវត្តច្បាប់ ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការជំរុញការប្រើប្រាស់ថាមពលស្អាត ក៏ដូចជាមធ្យោបាយដឹកជញ្ជូនស្អាត។ ការងារនេះក៏ផ្តោតលើការកែលម្អប្រព្រឹត្តិកម្មទឹកកខ្វក់ ការគ្រប់គ្រងការហូរច្រោះពីដីកសិកម្ម និងការបង្កើនការអប់រំសាធារណៈអំពីការបំពុលទឹក។ បន្ថែមលើនេះ យុទ្ធសាស្ត្រនេះមានគោលបំណងកែលម្អការគ្រប់គ្រងសំណល់ តាមរយៈការពង្រឹងប្រព័ន្ធប្រមូលនិងទីលានចាក់សំរាម ការលើកកម្ពស់ការកែច្នៃឡើងវិញ និងការអភិវឌ្ឍន៍ដំណោះស្រាយបំប្លែងកាកសំណល់ទៅជាថាមពល៕
ដោយ៖មករា





