អភិបាលខេត្តប៉ៃលិនសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន
AKP ប៉ៃលិន ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦-- លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញចុះជួបសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ដើម្បីចង់ដឹងពីបញ្ហាប្រឈមចំពោះការផ្តល់សេវានានានៅតាមមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈ និងឯកសណ្ឋានប្រជាការពារផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ប្រជាការពារគឺមានភារកិច្ចការពារសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានការរស់នៅប្រកបដោយក្តីសុខសប្បាយរីករាយ គ្មានប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាតនូវរាល់បទល្មើសផ្សេងៗ មានដូចជា៖ អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ដែលភារកិច្ចទាំងអស់នេះ គឺប្រជាការពារយើងអាចរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ច នគរបាលនោះទេ ពោលគឺកម្លាំងប្រជាការពារយើង អាចធ្វើកិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ មានស្ថិរភាព រឹងមាំកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវា សា ធារណៈភាពចាំបាច់នានា នៅតែជាបញ្ហាអាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ដែលត្រូវយកចិត្តទុក ដាក់ជាប្រចាំ ដើម្បីធានាឱ្យពលរដ្ឋគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយ អាជ្ញាធរដែនដី ធ្វើឱ្យភូមិ ឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងប្រកបដោយសុវត្ថិភាព ជាពិសេសក្នុងកាលៈទេសៈប្រទេសជាតិ កំពុងមានសង្គ្រាមឈ្លានពានពីប្រទេសថៃ គឺបងប្អូនយើង បានចូលរួមសហការយ៉ាងសកម្ម ជាមួយកងកម្លាំងជួរមុខ ក្នុងការការពារសន្តិសុខសុវត្ថិភាពជូនជាតិ និងប្រជាជន នៅតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ៕

ដោយ វួច ពឿន





