អភិបាលខេត្តពោធិ៍សាត់ជំរុញអភិបាលស្រុកក្រគរថ្មីខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជំរុញឱ្យអាជ្ញាធរស្រុកថ្មី ត្រូវខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវមានការបង្អែបង្អង់ ឬការយកកម្រៃក្រៅផ្លូវការឡើយ។ ការជំរុញរបស់អភិបាលខេត្តយ៉ាងដូច្នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល និងអភិបាលរងស្រុកក្រគរ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ខូយ រីដា បានសង្កត់ធ្ងន់ថា មន្ត្រីត្រូវយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា ព្រមទាំងបានជំរុញឱ្យអាជ្ញាធរស្រុកយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ របៀបរយ និងអនាម័យបរិស្ថាន ពិសេសលើដងផ្លូវឆ្ពោះទៅឃុំកំពង់លួង ដើម្បីលើកកម្ពស់សោភណភាព និងភាពទាក់ទាញដល់ភ្ញៀវទេសចរ។ បន្ថែមលើនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបំផុសចលនាដាំដើមឈើឱ្យបានគ្រប់ទីកន្លែងនៅក្នុងស្រុក ទាំងនៅតាមសាលារៀន វត្តអារាម និងតាមដងផ្លូវ ដើម្បីចូលរួមចំណែកការពារបរិស្ថាន និងបង្កើនគម្របបៃតងក្នុងខេត្ត។ ឯកឧត្តមសង្ឃឹមថា ថ្នាក់ដឹកនាំស្រុកថ្មីនឹងរួមសាមគ្គីគ្នាជាមួយមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ដើម្បីកសាង និងអភិវឌ្ឍស្រុកក្រគរឱ្យកាន់តែរីកចម្រើនថែមទៀត។

សូមជម្រាបថា លោក អ៊ន សុផល្លា ឋានន្តរសក្តិវរមន្ត្រីថ្នាក់លេខ២ ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ និងលោក ក្រូច សុខុន ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ២ ត្រូវបានតែងតាំងជាអភិបាលរង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់)





