រដ្ឋមន្ត្រីក្រសួងអប់រំចូលរួមវេទិកាផ្ដល់បាឋកថាស្ដីពី «អនាគតរបស់កម្ពុជា និងភាពជាដៃគូកម្ពុជា-ជប៉ុន» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦-- ក្នុងឱកាសទស្សនកិច្ចការងារនៅទីក្រុង Iwaki ខេត្ត Fukushima ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈ និងថ្លែងបាឋកថាស្ដីពី «អនាគតរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អ្នកវិនិយោគ អ្នកធុរកិច្ច អ្នកសិក្សា សហគមន៍ជប៉ុន និងសមាសភាពពាក់ព័ន្ធ។

តាមរយៈបាឋកថាស្ដីពី «អនាគតរបស់កម្ពុជា និងភាពជាដៃគូកម្ពុជា-ជប៉ុន»នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចសារគន្លឹះសំខាន់ៗមួយចំនួន រួមមាន៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជាដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន ក្នុងនោះរួមមានស្ពានគីហ្សូណា គឺជាសក្ខីកម្មដ៏រស់រវើកនៃទំនាក់ទំនង និងមិត្តភាពរវាងកម្ពុជា និងជប៉ុន។ ផ្លូវថ្នល់ កំពង់ផែ និងជំនួយជាច្រើនទៀតរបស់ជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀន សាងសង់អគារសិក្សា និងអភិវឌ្ឍវិស័យអប់រំ ដែលបានក្លាយជានិមិត្តរូបនៃភាពជាដៃគូដ៏រឹងមាំរវាងប្រទេសទាំងពីរ។

ឯកឧត្តមបានបន្តថា ក្នុងរយៈពេលជាងបីទសវត្សរ៍ចុងក្រោយនេះកម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការរក្សាសន្តិភាព កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការកែទម្រង់វិស័យអប់រំ។ បច្ចុប្បន្នកម្ពុជាកំពុងផ្លាស់ប្ដូរពីសេដ្ឋកិច្ចផ្អែកលើកម្លាំងពលកម្មទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូដែលមានបទពិសោធន៍ដូចជាប្រទេសជប៉ុនជាដើម។ កម្ពុជាមានប្រជាជនវ័យក្មេងប្រមាណ ៦០% ដែលមានអាយុក្រោម ៣៥ឆ្នាំ ដែលជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់គាំទ្រការវិនិយោគលើឧស្សាហកម្ម បច្ចេកវិទ្យា វិស្វកម្ម បញ្ញាសិប្បនិម្មិត (AI) និងសេដ្ឋកិច្ចឌីជីថល។ រាជរដ្ឋាភិបាលក៏កំពុងបន្តកែទម្រង់កម្មវិធីអប់រំ និងពង្រឹងការតភ្ជាប់រវាងគ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន ដើម្បីផលិតធនធានមនុស្សដែលឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារការងារ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអញ្ជើញវិនិយោគិនជប៉ុនបន្តស្វែងយល់ពីឱកាសពង្រីកការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាវិស័យកែច្នៃកសិផល កសិកម្មទំនើប ថាមពលបៃតង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម ខណៈកម្ពុជាបានបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងអនុវត្តគោលនយោបាយលើកទឹកចិត្តការវិនិយោគ ដូចជាការផ្ដល់អត្ថប្រយោជន៍ផ្នែកពន្ធ ការសម្រួលនីតិវិធី និងការកាត់បន្ថយរបាំងរដ្ឋបាល ដើម្បីបង្កើតបរិយាកាសវិនិយោគដែលមានភាពប្រកួតប្រជែងអំណោយផល និងងាយស្រួលសម្រាប់វិនិយោគិនបរទេស ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសឆ្លងដែន ដោយការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាដៃគូ និងស្ថាប័នអន្តរជាតិ និងបង្កើនសមត្ថភាពស្ថាប័នអនុវត្តច្បាប់។ វិធានការទាំងនេះមានគោលបំណងការពារសន្តិសុខសង្គម បង្កើនទំនុកចិត្តរបស់វិនិយោគិន និងរក្សាបរិយាកាសធុរកិច្ចដែលមានសុវត្ថិភាព និងតម្លាភាព៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





