លោក ស៊ី ជីនពីង សន្យាថានឹងធានាការអភិវឌ្ឍរយៈពេលវែង និងស្ថិរភាព នៃទំនាក់ទំនងជាមួយកូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) បានសន្យាថានឹងធានាការអភិវឌ្ឍ «រយៈពេលវែង និងស្ថិរភាព» នៃទំនាក់ទំនងរបស់ប្រទេសលោកជាមួយប្រទេសកូរ៉េខាងជើង នៅក្នុងការឆ្លើយតបដែលបានផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (Kim Jong-un) ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា ការឆ្លើយតបរបស់លោក ស៊ី គឺជាការឆ្លើយតបទៅនឹងសារអបអរសាទររបស់លោក គីម ដែលបានផ្ញើទៅកាន់ប្រធានាធិបតីចិននៅថ្ងៃទី១ ខែកក្កដាដែលប្រារព្ធខួបលើកទី១០៥ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន (CCP) ។
នៅក្នុងសារនោះមានអត្ថន័យថា «ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ... ដើម្បីដឹកនាំទំនាក់ទំនងចិន-កូរ៉េខាងជើង ឆ្ពោះទៅរកការអភិវឌ្ឍរយៈពេលវែងរឹងមាំ និងស្ថិរភាព ហើយលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែងនៃបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ»។
លោក ស៊ី បានធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃទៅកាន់ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី៨-៩ ខែមិថុនា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងរយៈពេល ៧ឆ្នាំ។ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក គីម និងលោក ស៊ី បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងកម្រិតកំពូល។
ប្រទេសកូរ៉េខាងជើង និងចិន ត្រូវបានកំណត់ឱ្យប្រារព្ធខួបលើកទី៦៥នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ និងជំនួយទៅវិញទៅមករវាងប្រទេសកូរ៉េខាងជើង និងចិន នៅថ្ងៃទី១១ ខែកក្កដា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





