អ៊ីរ៉ង់អញ្ជើញកូរ៉េខាងត្បូងទៅចូលរួមពិធីបុណ្យសពរបស់មេដឹកនាំកំពូល ប៉ុន្តែក្រោយមកផែនការត្រូវបានលុបចោល
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមប្រភពការទូតបាននិយាយកាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានអញ្ជើញប្រទេសកូរ៉េខាងត្បូងឱ្យចូលរួមក្នុងពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក អាយ៉ាតូឡាហ៍ អាលី ខាមេណី (Ayatollah Ali Khamenei) ប៉ុន្តែក្រោយមកបានដកការអញ្ជើញនេះចេញ។
មន្ត្រីម្នាក់មកពីក្រសួងការបរទេសទីក្រុងសេអ៊ូលបាននិយាយថា«បន្ទាប់ពីទទួលបានការអញ្ជើញពីអ៊ីរ៉ង់ បេសកកម្មការទូតបានគ្រោងនឹងចូលរួម ប៉ុន្តែក្រោយមកអ៊ីរ៉ង់បានកត់សម្គាល់នៅនាទីចុងក្រោយថាការចូលរួមរបស់បេសកកម្មនឹងមានការលំបាកដោយសារតែបញ្ហាទាក់ទងនឹងទីកន្លែង»។
អ្នកសង្កេតការណ៍បាននិយាយថា អ៊ីរ៉ង់ហាក់ដូចជាបានសម្រេចចិត្តមិនទទួលការចូលរួមរំលែកទុក្ខពីបេសកកម្មការទូតបរទេសនៅទីក្រុងតេអេរ៉ង់ខណៈដែលខ្លួនផ្តោតលើការទទួលគណៈប្រតិភូកម្រិតកំពូលពីប្រទេសដទៃទៀត។
អ្នកសង្កេតការណ៍បានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូងក៏ត្រូវបានគេជឿថាបានទទួលយកការផ្លាស់ប្តូរផែនការរបស់អ៊ីរ៉ង់ ដោយពិចារណាលើទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។
អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ត្រូវបានសម្លាប់នៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើប្រទេសនៅតំបន់មជ្ឈិមបូព៌ា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





