ស្លាប់ ២០នាក់ និងបាត់ខ្លួនជាង ១០០នាក់ក្នុងហេតុការណ៍លិចទូកនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ -- យ៉ាងហោចណាស់មានមនុស្ស ២០នាក់បានស្លាប់ និងជាង ១០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីទូកមួយបានលិចនៅចំណុចប្រសព្វនៃទន្លេកាសៃ និងទន្លេសានគូរូក្នុងទឹកដីអ៊ីឡេបូ នៃខេត្តកាសៃ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC)។
លោក ហ្វ្រេនខស កាប៊ូឡា (Francois Kabula) អ្នកគ្រប់គ្រងទឹកដីអ៊ីឡេបូ បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃសៅរ៍ថាមនុស្ស ៨០នាក់ត្រូវបានជួយសង្គ្រោះដោយអ្នកនេសាទដែលនៅជិតកន្លែងកើតហេតុនៅពេលដែលគ្រោះថ្នាក់បានកើតឡើង។
លោក កាប៊ូឡា បាននិយាយថា «យើងបានរកឃើញសាកសពចំនួន២០នាក់ និងបានកត់ត្រាអ្នកនៅរស់រានមានជីវិតចំនួន ៨០នាក់។ ប្រតិបត្តិការស្វែងរកគឺពិបាកណាស់»។
យោងតាមប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ទូកនេះកំពុងដឹកអ្នកដំណើរ និងទំនិញជាង ២០០នាក់ នៅពេលដែលវាបានលិចពេញមួយយប់។ ប្រភពព័ត៌មានបានបន្ថែមថា ការផ្ទុកលើសទម្ងន់ត្រូវបានគេជឿថាជាមូលហេតុនៃគ្រោះថ្នាក់នេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





