អង្គការ CI ចូលរួមបណ្តុះបណ្តាលសហគមន៍ក្នុងការអនុវត្តគម្រោងយន្តការឥណទានកាបូន រេដបូកព្រៃឡង់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦-- អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) ចូលរួមបណ្តុះបណ្តាលសហគមន៍ក្នុងការអនុវត្តគម្រោងយន្តការឥណទានកាបូនរួមគ្នា (រេដបូកព្រៃឡង់) តាមរយៈការបង្ហាញពីលទ្ធផលនៃយន្តការបែងចែកផលប្រយោជន៍ ដែលទទួលបានពីកិច្ចប្រជុំពិគ្រោះយោបល់នៅក្នុងភូមិគោលដៅចំនួន៣៣ភូមិ នាពេលកន្លងមក។

លោក នូ ចាន់វាសនា ប្រធានផ្នែកការចូលរួមរបស់សហគមន៍ និងជីវភាព បានគូសបញ្ជាក់ថា ការចូលរួមរបស់សហគមន៍មូលដ្ឋាន មានសារៈសំខាន់ណាស់សម្រាប់ការធានានូវតម្លាភាព និងភាពជោគជ័យនៃការអនុវត្តគម្រោងរេដបូកព្រៃឡង់។ លោកបានលើកឡើងថា «សហគមន៍មូលដ្ឋានចាំបាច់ត្រូវទទួលបានព័ត៌មានអំពីវឌ្ឍនភាពនៃគម្រោងរេដបូកដែលខ្លួនចូលរួម ព្រមទាំងចូលរួមក្នុងការពិភាក្សា ការផ្តល់មតិយោបល់ ការសម្រេចចិត្ត និងការអនុវត្តសកម្មភាពគម្រោងយ៉ាងសកម្ម»។ តាមរយៈការបន្តការចូលរួមនេះ អង្គការCI មានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សព្រៃឈើប្រកបដោយបរិយាបន្ន និងចីរភាព។

ប្រភពពីអង្គការ CI ពង្រឹង បានឱ្យដឹងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ថា វគ្គបណ្តុះបណ្តាលនេះ តំណាងភាគីពាក់ព័ន្ធ ពិសេសសហគមន៍មូលដ្ឋាន ព្រមទាំងជនជាតិដើមភាគតិច បានយល់ដឹងកាន់តែច្បាស់អំពីយន្តការបែងចែកផលប្រយោជន៍ សកម្មភាពអនុវត្តគម្រោងបន្តនាពេលខាងមុខ ព្រមទាំងបានពិនិត្យ ផ្ទៀងផ្ទាត់ និងផ្តល់ធាតុចូលដើម្បីឱ្យការអនុវត្តគម្រោងឱ្យកាន់តែមានភាពល្អប្រសើរ៕

ដោយ ណយ នឿន (ប្រភព៖ CI)





