គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតនៅសង្កាត់កំពង់ក្របៅ
AKP កំពង់ធំ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦-- លោកជំទាវ យស ថានារី តំណាងរាស្ដ្រមណ្ឌលកំពង់ធំ និងលោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ (គ.ក.ស.ក) បានដឹកនាំក្រុមការងាររួមមាន លោកជំទាវអនុប្រធាន គ.ក.ស.កខេត្ត លោកស្រីអនុប្រធានអចិន្រៃយ៍គ.ក.ស.កខេត្តនិងសមាជិក លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រីមេបញ្ជាការរកងរាជអាវុធហត្ថខេត្ត លោកស្រីអនុប្រធាន គ.ក.ស.កក្រុង/សង្កាត់ ភូមិ និងលោកស្រីប្រធានអង្គការសង្រ្គោះជនទុរគតនិងមនុស្សចាស់ (HOM) កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសារក្រីក្រខ្វះខាតចំនួន៣គ្រួសារ នៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ បានមានប្រសាសន៍ថា ជាក់ស្ដែងនៅថ្ងៃនេះ គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារខេត្តកំពង់ធំ មន្ទីរពាក់ព័ន្ធនិងអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ក្នុងការលើកទឹកចិត្ត និងជួយសម្រួលការលំបាកបានមួយកម្រិតផងដែរ។

លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ បានថ្លែងថា ជានិច្ចកាលគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ តែងតែផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅជាមួយបងប្អូននៅគ្រប់ទីកន្លែង ដោយបានជួយដោះស្រាយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជួយសម្រាលនូវការលំបាកខ្វះខាតជូនដល់ស្រ្តី និងកុមារដែរទីទ័លក្រ ដែលរស់នៅក្នុងខេត្តកំពង់ធំផងដែរ។ ជាមួយនោះដែរ លោកជំទាវ និងក្រុមការងារទាំងអស់ បាននាំយកឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈផ្សេងៗ និងថវិកាមួយចំនួនមកជួយពួកគាត់ឱ្យបានទាន់ពេលវេលា។
លោកជំទាវ យស ថានារី តំណាងរាស្ត្រមណ្ឌលកំពង់ធំ បានមានប្រសាសន៍ថា ដោយអនុវត្តតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកខ្វះខាតជូនដល់គ្រួសារដែលមានជីវភាពលំបាកខ្វះខាតឱ្យបានលឿននឹងទាន់ពេលវេលា។

សូមបញ្ជាក់ថា គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៣គ្រួសារមានឈ្មោះ៖ ១. កុមារាឈ្មោះ គី លីហេង ភេទប្រុស អាយុ១៧ឆ្នាំ ពិការតាំងពីកំណើត។ ២. លោក ហ៊ាន សិទ្ឋិ អាយុ ៣៤ឆ្នាំ ពិការជើងខាងស្ដាំ ពោះម៉ាយមានកូនប្រុស១នាក់។ ៣. លោក ឡូយ សេន ភេទប្រុស អាយុ៦០ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ាប់ ភា អាយុ៥៦ឆ្នាំ ដោយក្នុង១គ្រួសារទទួលបាននូវអង្ករ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីវអ៊ីវ១យួរ ត្រីខ១យួរ ក្រមា១ សារុង១ សាប៊ូម្សៅ១កញ្ចប់និងថវិកា៣០ម៉ឺនរៀល ក្នុងនោះថវិកាលោកជំទាវ យស ថានារី តំណាងរាស្ដ្រមណ្ឌលកំពង់ធំចំនួន១០ម៉ឺនរៀល និងថវិកាគ.ក.ស.កខេត្ដចំនួន២០ម៉ឺនរៀល៕
ដោយ ស៊ុម វណ្ណា





