ឯកឧត្តម ទិត សុធា អញ្ជើញជាអធិបតីពិធីបញ្ចូលសមាជិកគណបក្សថ្មីជាង៥០០នាក់នៅក្នុងឃុំកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ស្វាយ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្លូវការបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងឃុំកំពង់ស្វាយចំនួន៥៥៩រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រធាន អនុប្រធានគណៈពង្រឹងស្រុក អនុប្រធានគណបក្សចុះមូលដ្ឋានឃុំ និងគណៈកម្មាធិការគណបក្សឃុំ និងបានសំណេះសំណាលជាមួយសមាជិកសមាជិកាថ្មីដែលទើបនឹងបានចូលរួមក្នុងជីវភាពនយោបាយ ដែលជាកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជាប្រកបដោយអត្ថន័យ។

បន្ទាប់ពីបានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ប្រធានគណបក្ស សម្តេចធិបតី អនុប្រធានគណបក្ស ឯកឧត្តម វង្សី វិស្សុត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយរួចមក ឯកឧត្តម ទិត សុធា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមាជិកថ្មីដែលបានចូលរួមក្នុងជីវភាពនាពេលនេះ ហើយមានការជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំ និងសមិទ្ធផលជាច្រើនលើគ្រប់វិស័យនៃប្រទេសជាតិ ក្រោមមាគ៌ាដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការគាំទ្រនូវគោលការណ៍និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនក្នុងគ្រប់សកម្មភាពនៃកសាង និងអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម ទិត សុធា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនៅឈរខាងប្រជាជន ផ្សាភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គនិងហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ធានាបាននូវឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ និយាយជារួម ប្រជាជនបានឃើញច្បាស់យ៉ាងប្រត្យក្សអំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជាដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ជាគណបក្សមានថាមពល និងសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកអានាគតដ៏រុងរឿង ។ បន្ថែមពីលើនេះ គណបក្សប្រជាជនកម្ពុជាគ្រប់កម្រិត គឺមាននូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ថ្លៃថ្លារបស់គណបក្ស ហើយបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាជននៅក្នុងមូលដ្ឋានគ្រប់កាលៈទេសៈ៕


ដោយ ស៊ុម វណ្ណា (ប្រភព៖ ទីស្ដីការគណៈរដ្ឋមន្ត្រី)





