ឯកឧត្តម កែ គឹមយ៉ាន៖ សុខសន្តិភាព និងការប្តេជ្ញាចិត្តសាមគ្គី គឺជាកម្លាំងចលករដ៏រឹងមាំសម្រាប់កម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦--ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបង្ហាញពីស្មារតីចងចាំ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ និងកងកម្លាំងមូលដ្ឋានក្នុងការរួមសុខរួមទុក្ខជាមួយគ្នា។

ក្នុងទឹកមុខមោះមុតតែពោរពេញដោយភាពកក់ក្តៅ ឯកឧត្តម កែ គឹមយ៉ាន បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងស្រុកម៉ាឡៃ ដែលកន្លងមកបានបង្ហាញនូវស្មារតីជាតិនិយមដ៏មុតស្រួច។ ឯកឧត្តមបានរំលឹកដល់ការរួមសាមគ្គីគ្នាដ៏អង់អាចរបស់ប្រជាពលរដ្ឋ និងកងកម្លាំង ដែលបានចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក៏ដូចជាការរួមគ្នាការពារអធិបតេយ្យភាពជាតិក្នុងពេលកន្លងមក។ ជោគជ័យ និងសុខសន្តិភាពដែលយើងទទួលបាននាពេលនេះ គឺផ្តើមចេញពីការខិតខំដោយមិនខ្លាចនឿយហត់របស់បងប្អូនសមាជិក សមាជិកា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលមានស្មារតីស្នេហាជាតិដ៏មុតមាំ។

ឯកឧត្តមបានលើកឡើងយ៉ាងច្បាស់អំពីភាពជោគជ័យនៃយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាល ដោយបានបញ្ជាក់ថា ស្ថិរភាពនយោបាយគឺជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច។ បើទោះបីជាសភាពការណ៍ពិភពលោកមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ កម្ពុជាក្រោមការដឹកនាំដ៏មានថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការបន្តអនុវត្តមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណ ៤,២% ក្នុងឆមាសទី១ ឆ្នាំ២០២៦។ នេះគឺជាសក្ខីភាពបញ្ជាក់ពីភាពត្រឹមត្រូវនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។

ជាមួយគ្នានោះ ឯកឧត្តមបានដាក់ចេញនូវគោលការណ៍ណែនាំដ៏សំខាន់ដល់មន្រ្តីបក្ស និងអាជ្ញាធរមូលដ្ឋាន ដោយតម្រូវឱ្យការពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម។ ប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងអធិបតេយ្យភាពជាតិ ឱ្យបានគង់វង្ស។ បន្តអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែស៊ីជម្រៅ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មិនត្រឹមតែជាមូលដ្ឋានដ៏រឹងមាំខាងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចស្នូលនៃការបង្ហាញស្មារតីសាមគ្គីជាតិ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍របស់ប្រទេសជាតិទាំងមូល៕
ដោយ ឈុន សារ៉ាត





