ប្រតិភូកីឡាការ៉ាតេកម្ពុជាទទួលបានការលើកទឹកចិត្ត មុនចេញទៅប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៣ នៅវៀតណាម
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជាតំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក មន្ត្រី កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា សរុប ៤០នាក់ ចុងសប្តាហ៍នេះ មុនពេលត្រូវចេញដំណើរទៅចូលរួមប្រកួតប្រជែងជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៣ នៅទីក្រុង Ninh Binh ប្រទេសវៀតណាម ពីថ្ងៃទី០៩-១៣ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា ថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេកម្ពុជាតែងតែលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីការ៉ាតេរហូត ហើយការលើកទឹកចិត្តនេះជាការផ្តល់ថាមពលពីក្រោយសម្រាប់ក្រុមអត្តពលិកដែលចេញដំណើរចូលរួមការប្រកួតកម្រិតអន្តរជាតិ។ ឯកឧត្តមជំរុញឱ្យកីឡាករ-កីឡាការិនីការ៉ាតេត្រូវតែរក្សាសុខភាពឱ្យបានល្អមុនចេញប្រកួត ពិសេសការទទួលទានអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់កុំឱ្យប៉ះពាល់ដល់សុខភាព និងបញ្ហាផ្សេងៗ។

ឯកឧត្តមបន្ថែមថា ការចាញ់ឈ្នះ នៅក្នុងការប្រកួតជារឿង១ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងចេញដំណើរលើកនេះ គឺក្នុងនាមបេសកកម្មតំណាងជាតិ និងសហព័ន្ធ ដូច្នេះការរក្សាសេចក្តីថ្លៃថ្នូរ ការគោរពវិន័យ ក្រមសីលធម៌ត្រូវតែធ្វើឱ្យបាន។ យ៉ាងណា ឯកឧត្តម វ៉ាត់ ចំរើន បានជំរុញឱ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួត ដើម្បីដណ្តើមឱ្យបានលទ្ធផលដ៏គាប់ប្រសើរជូនជាតិ និងសហព័ន្ធ ជាពិសេសការប្រឹងប្រែងនេះក៏ជាការបង្ហាញពីការដឹងគុណជូនចំពោះថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលខិតខំឧបត្ថម្ភគាំទ្រលើការចំណាយដល់ដំណើរបេសកកម្មអន្តរជាតិមួយនេះ។

ជាមួយគ្នានេះ លោក ដែក ភារៈ អគ្គលេខាធិការរងសហព័ន្ធបានឱ្យដឹងថា ការចូលរួមប្រកួតនេះ គឺកម្ពុជា ត្រៀមបញ្ជូនប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីកម្ពុជា សរុប ៤០នាក់ ក្នុងនោះលោក ណុប វណ្ណថារ៉ូ ប្រធានប្រតិភូ លោក ម៉ៅ ម៉ុន នាយកបច្ចេកទេស មន្ត្រីអាជ្ញាកណ្តា៦នាក់ គ្រូបង្វឹក គ្រូជំនួយ ៦នាក់ និងកីឡាករ-កីឡាការិនី ២៦ នាក់ ក្នុងនោះកីឡាករ ១៩ នាក់ និងកីឡាការិនី ៧នាក់៕

ដោយ ហេង ណាលីន





