អាជ្ញាធររាជធានីភ្នំពេញ ត្រៀមស្ថាបនាប្រព័ន្ធលូ ផ្លូវ នៅជុំវិញផ្សារដីក្រហមដើមគរ ឱ្យមានសោភណភាព សណ្ដាប់ធ្នាប់ល្អ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៦ -- អាជ្ញាធររាជធានីភ្នំពេញ ត្រៀមស្ថាបនាប្រព័ន្ធលូ ផ្លូវ នៅជុំវិញផ្សារដីក្រហមដើមគរ ឱ្យមានសោភណភាព សណ្ដាប់ធ្នាប់ល្អ។ ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី០៥ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានចុះទៅសម្របសម្រួល ផ្ទាល់ជាមួយ អាជីវករ លក់ដូរនៅក្នុងតំបន់ដីក្រហមជាប់ផ្សារដើមគ។ទទួលបានស្រុះស្រួល និងសះជាគ្នា ដើម្បីគម្រោងស្ថាបនាប្រព័ន្ធលូ ផ្លូវ នៅជុំវិញផ្សារដើមគរ បានប្រព្រឹត្ដទៅតាមគម្រោងដែលបានគ្រោងទុក ។ ក្រោយការជជែកគ្នាលម្អិតរួចមក គ្រប់ភាគីបានយល់ពីគ្នាអស់ហេីយ ហើយអាជីករក៏បាន ព្រមទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរព្រមទាំងសាទរ ចំពោះការរៀបចំជួសជុល ផ្លូវដាក់ លូ និងរៀបខឿនចិញ្ចើមផ្លូវផងដែរដែរ។

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្នុងនាមឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរអរគុណដល់បងប្អូនអាជីវករទាំងអស់ ដែលបានឯកភាពឱ្យគម្រោងដ៏មានសារៈសំខាន់មួយនេះដំណើរ ការតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបរិស្ថាន អនាម័យ សោភណភាព តាមដងផ្លូវ និងបរិវេណផ្សារដើមគរផងដែរ។

តាមការបញ្ជាក់ពីលោកស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផែនការដែលបានគ្រោងទុករដ្ឋបាល រាជធានីភ្នំពេញ នឹងចាប់ផ្តេីមការដ្ឋាន ដែលមាន ៖ ១.ជួសជុលចាក់បេតុងឆ្អឹងដែកកម្រាស់ ២០សម នៅផ្លូវលេខ២៣៥ (ចាប់ពីផ្លូវ ៣៣៦ដល់ផ្លូវ២១៧)ប្រវែង ១៧៦ម ទទឹង១២ម និងដាក់លូទំហំ០.៨ម ផ្នែកខាងកើត ប្រវែង៨៣ម។ ២.ជួសជុលចាក់បេតុងឆ្អឹងដែកកម្រាស់ ២០សមនៅផ្លូវលេខ៣៤៦ (ចាប់ពីផ្លូវ ២៤៥ដល់ផ្លូវ២៣៥) ប្រវែង ១៥០ម ទទឹង១២ម និងដាក់លូទំហំ០.៨មផ្នែកខាងជើង ប្រវែង១៦០ម។ ៣.រៀបខឿនចិញ្ចើមផ្លូវទាំងពីរខ្សែ ប្រវែង ៦៥២ម៉ែត្រ ៕

ដោយ៖ សួស សំរិត




