កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ២ខ្នងដល់គ្រួសារទីទ័លក្រ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឹ
AKP កំពង់ស្ពឺ៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ -- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានអញ្ជើញប្រគល់ផ្ទះចំនួន២ខ្នង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជាត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីពឹងដែលកំពុងរស់នៅក្នុងភូមិទួលស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា លោក ជុន ពុត អាយុ ៣២ឆ្នាំ ជាបុរសពោះម៉ាយ ប្រពន្ធស្លាប់ចោល មានកូនតូចប្រុសស្រី២នាក់នៅក្នុងបន្ទុក រស់នៅក្នុងខ្ទមដែលមានតែដំបូល គ្មានជញ្ជាំងលើដីបំរុងរបស់ភូមិ ប្រកបរបររកត្រី ចាប់ក្តាម ខ្យង កង្កែបដើម្បីលក់ចិញ្ចឹមកូន។របរនេះបានត្រឹមរកព្រឹក ខ្វះល្ងាច មិនអាចឱ្យកូនៗហូបគ្រប់គ្រាន់ ដោយឡែកការរស់នៅ ពេលមេឃភ្លៀង ខ្ទមសាចគ្មានកន្លែង ជ្រកកោន។រីឯលោកស្រី ទន់ ពៅ អាយុ៦០ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅជាមួយចៅប្រុសដែលកូនទុកឱ្យចិញ្ចឹមលើខ្ទមរហែកបែកបាក់ គ្មានទីពឹង សង្ឃឹមលើមុខរបរដកព្រលឹត រើសគួរស្រូវ និងរកក្តាម ។ពេលភ្លៀងម្តងៗមិនរស់នៅបាន ព្រោះទឹកស្រក់គ្រប់កន្លែង ត្រូវបង្ខំចិត្តដឹកដៃចៅទៅសុំផ្ទះអ្នកជិតខាងដើម្បីជ្រក។
ដោយមើលឃើញពីស្ថានភាពលំបាកវេទនានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្រេចសាងសង់ផ្ទះថ្ម២ខ្នង ប្រក់ដំបូលស័ង្កសីគៀបស្នោរ ដែលទទួលការសាងសង់ដោយសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ជូនទៅដល់គ្រួសារទាំងពីរបានរស់នៅបានសមរម្យ។ជាមួយនេះសម្តេចក៏បានបំពាក់នូវសំភារៈជាច្រើន រួមទាំងផ្តល់នូវគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនផងដែរ។
ក្នុងឱកាសប្រគល់ផ្ទះទាំង២ខ្នងនោះដែរ លោកជំទាវ ពុំ ចន្ទីនី បានលើកឡើងថា កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌មួយដែលតែងតែស្ថិតនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងខ្វល់ខ្វាយ គិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ដូចពាក្យស្លោកថា ទីណាមានការលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច។ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយនិងកុមារកំព្រា នៅគ្រប់មូលដ្ឋានមានក្តីសង្ឃឹមឡើងវិញ ពិសេសគេចផុតពីការស្រែកឃ្លាន មានការហូបចុកគ្រប់គ្រាន់ និងមានទីជម្រករស់នៅបានសមរម្យ តាមរយៈការជួយឧបត្ថម្ភស្បៀងសង្គ្រោះបឋម និងសង់ទីជម្រកផ្តល់ជូនជាបន្តបន្ទាប់។
លោកជំទាវអគ្គលេខាធិការបន្ថែមថា ផ្ទះចំនួន២ខ្នងជាអំណោយកាកបាទក្រហមកម្ពុជាដែលបានផ្តល់ជូននាពេលគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការគិតគូរបស់សម្ត្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនដែលកំពុងជួបការលំបាក កំពុងរងទុកវេទនា ដើម្បីអាចរស់នៅសមរម្យ និងមានការហូបចុកគ្រប់គ្រាន់ ន័យនេះដូចទិសស្លោក គ្មានពលរដ្ឋណាម្នាក់ដែលស្លាប់ដោយអត់បាយនោះទេ កាកបាទក្រហមកម្ពុជាតែងនៅជាប់ជាមួយបងប្អូនទោះចុងកាត់មាត់ញ៉កយ៉ាងណាក៏ដោយ។
ជាមួយនឹងការលើកឡើងនោះដែរ លោកជំទាវ ពុំ ចន្ទីនី ក៏បានធ្វើការណែនាំទៅដល់បងប្អូនទាំងពីរគ្រួសារ សូមជួយថែរក្សាផ្ទះដែលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនេះផង ហើយត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីស្ទួយជីវភាពគ្រួសារបន្ថែម។ត្រូវជំរុញកុមារតូចឱ្យសាលារៀននៅពេលគ្រប់អាយុសិក្សា ដើម្បីអនាគតពួកគេ។
សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះ២ខ្នងដល់គ្រួសារទីទ័លក្រ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាក៏បានផ្តល់នូវស្បៀងសង្គ្រោះបឋម ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុតចំនួន២០គ្រួសារបន្ថែមទៀតផងដែរ៕
ដោយ៖ ម៉ែន ប៊ុនធីម




