ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាសាខាខេត្តពោធិ៍សាត់ និងពិធីដាំដើមឈើ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ -- សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំ ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៥០នាក់ និង ពិធីដាំដើមឈើ ចំនួន ២០០ដើម នៅវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ។

អញ្ជើញចូលរួមក្នុងពិធីមាន ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា គណៈកិត្តិយសសាខា លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សនៃវិទ្យា ហ៊ុន សែន បាក់ចិញ្ចៀន សរុបទាំងអស់ចំនួន ១.២០០នាក់ ។
ឯកឧត្ដមប្រធានគណៈកម្មាធិការសាខា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីចម្ងាយពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល ដែលមានវត្តមាននាពេលនេះ។

ឯកឧត្ដមបន្ថែមថា៖ ដើម្បីជាការត្រៀមខ្លួនអនុវត្តការងារឱ្យបានល្អ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម បានផ្តល់នូវឱវាទ និងប្រគល់ភារកិច្ចដល់ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដូចខាងក្រោម៖
- ត្រូវធ្វើជាគំរូល្អ តំណាងឱ្យយុវជនក្នុងស្រទាប់យុវវ័យ។
- ត្រូវគោរពវិន័យសាលា ខិតខំរៀនសូត្រឱ្យបានពូកែ និងត្រៀមខ្លួនជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌។
- ចូលរួមបន្តផ្សព្វផ្សាយគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងសកម្មភាពមនុស្សធម៌ឱ្យបានទូលំទូលាយ។
- អនុវត្តសកម្មភាព "មិត្តអប់រំមិត្ត មិត្តជួយមិត្ត" និងផ្តល់ការលើកទឹកចិត្តដល់យុវសិស្សពិការ។
- ធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដោយត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវរាល់ពេលបើកបរ និងរួមដំណើរ។
- ចូលរួមអប់រំសុខភាពអនាម័យ បរិស្ថាន សុវត្ថិភាពចរាចរណ៍ បង្ការជំងឺឆ្លងផ្សេងៗ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។
- ប្រកាន់ខ្ជាប់នូវឥរិយាបថថ្លៃថ្នូរ គោរពវិន័យ និងមានសីលធម៌ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ។
ឯកឧត្ដម សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបានបញ្ជប់វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន (រួមមានការយល់ដឹងពីកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, តួនាទីភារកិច្ចយុវជន និងវិជ្ជាសង្រ្គោះបឋម) ក្មួយៗទាំងអស់គ្នានឹងយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្ត។ ជាពិសេស ត្រូវបន្តអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាមូលធនមនុស្សដ៏មានតម្លៃ និងជាយុវជនដែលដើរលើគន្លងផ្លូវត្រូវ ព្រោះយុវជនគឺជាសសរទ្រូង និងជាក្ដីសង្ឃឹមរបស់អាណាព្យាបាល ក៏ដូចជាសង្គមជាតិទាំងមូល។
«យុវជនជាកម្លាំងនៃការផ្លាស់ប្តូរ និងជាអ្នកបន្តវេននៃសកម្មភាពមនុស្សធម៌»។

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)




