ព្រឹត្តិការណ៍ជិះកង់និងរត់ឆ្លងឧបសគ្គក្រោមប្រធានបទ"ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ"
AKP កំពង់ធំ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ -- ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ"ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ"ត្រូវបានបើកជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និង វិចិត្រសិល្បៈនិងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយចាប់ផ្តើមចេញដំណើរពីគល់ស្ពានក្រុងស្ទឹងសែន ឆ្ពោះទៅរមណីយដ្ឋានប្រាសាទ សំបូរព្រៃគុក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២៦នេះដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កីឡាករកីឡាការិនី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាច្រើនរូប។

ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរខួបលើកទី៩នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨កក្កដា ២០១៧-៨ កក្កដា ២០២៦)និងផ្សព្វផ្សាយតំបន់គោលដៅ ទេសចរណ៍វប្បធម៌ បេតិកភណ្ឌធម្មជាតិនិងដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍នារដូវកាលបៃតងព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ វប្បធម៌ និងកីឡា ឱ្យកាន់តែមានភាពរស់រវើក។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការរៀបចំព្រឹត្តិការណ៍នេះមិនត្រឹមតែជាកម្មវិធីកីឡាប៉ុណ្ណោះទេប៉ុន្តែជាឱកាសដ៏មានសារៈសំខាន់ក្នុងការផ្សារភ្ជាប់ការហាត់ប្រាណជាមួយការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរ ដោយនាំអ្នកចូលរួមធ្វើដំណើរឆ្លងកាត់តំបន់ប្រវត្តិសាស្ត្រនៃអតីតរាជធានីឦសានបុរៈ ដែលជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រចេនឡាមុនសម័យអង្គរ។
ព្រឹត្តិការណ៍នេះគឺជាការរួមបញ្ចូលគ្នារវាងវិស័យកីឡា ទេសចរណ៍ វប្បធម៌ និងបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យទេសចរណ៍បែបវប្បធម៌ និងទេសចរណ៍កីឡាព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ សូមបញ្ជាក់ថាព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ"ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ"រៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរជាតិសំបូរព្រៃគុកនិងទាំងវិស័យឯកជន៕

ដោយ៖ ស៊ុម វណ្ណា





