លោកលឹម អៀងចេង នាំយកសម្ភារថវិកា ឧបត្ថម្ភ មន្ត្រីនគរបាលដែលកំពុងសម្រាកថែទាំសុខភាពនៅក្រុងស្ទឹងសែន
AKP កំពង់ធំ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ -- លោកស្រី លឹម អៀងចេង ភរិយាលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត អមដោយលោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការងារយេនឌ័រកាលពីរសៀលថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៦បានបន្តចុះសួរសុខទុក្ខមន្ត្រីនគរបាលជាតិដែលកំពុងសម្រាកព្យាបាលជំងឺ និងទើបលំហែមាតុភាព ដល់គេហដ្ឋាននៅក្រុង ស្ទឹងសែនខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្តើមលោកស្រី លឹម អៀងចេង បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជូនចំពោះបងប្អូនមន្ត្រី ដែលសម្រាកព្យាបាលជំងឺ ចំនួន ២ គ្រួសារនិងទើបលំហែរមាតុភាពចំនួន ៣ គ្រួសារ ។
លោកស្រី បានថ្លែងចូលរួមចែករំលែកនូវការលំបាក ដែលកំពុងតែកើតមានឡើង ក្នុងក្រុមគ្រួសារបងប្អូន ព្រមទាំងបានណែនាំ ដល់អ្នកជម្ងឺ ត្រូវខិតខំថែទាំសុខភាព តាមរយៈ ការធ្វើអនាម័យ រស់នៅស្អាត បរិភោគស្អាត ពិសារឱសថ ឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ សម្រាកគ្រប់គ្រាន់ ត្រួតពិនិត្យតាមដានសុខភាពជាប្រចាំ ព្យាយាមហាត់ប្រាណ ពង្រឹងកាយ សម្បទា ទើបសុខភាពបងប្អូន ឆាប់ជាសះស្បើយពីជំងឺឡើងវិញ ដើម្បីបន្តចូលរួមចំណែកអនុវត្តតួនាទី ភារកិច្ច របស់កងកម្លាំងនគរបាលជាតិ និងការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ។

ក្នុងឱកាសនោះលោកស្រីបានប្រគល់ថវិកាព្រមទាំងសម្ភារមួយចំនួន ដែលជាការឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងបានផ្ដាំផ្ញើដល់បងប្អូនបើមានក្ដីកង្វល់ បញ្ហាប្រឈម អ្វីមួយ សូមទំនាក់ទំនងមកថ្នាក់ដឹកនាំ ដើម្បីប្រធានអង្គភាព មានមូលដ្ឋានដោះស្រាយ និងជួយអន្ដរាគមន៍ ដល់បងប្អូនបានទាន់ពេលវេលា ។
លោកស្រី ហ៊ុល សារ៉ន តំណាងឱ្យមន្ត្រីទាំង ៥ រូបបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនី យ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី ព្រមទាំងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលា ដ៏មមាញឹក ចុះសាកសួរសុខទុក្ខនាំយកសម្ភារ ថវិកាឧបត្ថម្ភ មន្ត្រីតាមក្រុមគ្រួសារ ព្រមទាំងគោរពជូនពរ ជូនចំពោះលោកស្នងការ និងលោកស្រី សូមជួបប្រទះតែពុទ្ធពរ ទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖ ស៊ុម វណ្ណា




