ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ខិតខំទាក់ទាញក្រុមហ៊ុនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ – ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងជំនួបនេះបណ្តាក្រុមហ៊ុនជប៉ុនបានបង្ហាញពីគោលបំណងរបស់ខ្លួន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការវិនិយោគលើមន្ទីរពេទ្យឯកជន ការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការផ្គត់ផ្គង់ ឱសថ និងបរិក្ខារវេជ្ជសាស្ត្រផលិតនៅប្រទេសជប៉ុន ការបណ្តុះបណ្តាលគិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងការអភិវឌ្ឍដំណោះស្រាយសុខាភិបាលឌីជីថល ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីក្រុមហ៊ុនជប៉ុនចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងបានលើកឡើងថា កម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានតម្រូវការខ្ពស់លើគុណភាពសេវាសុខាភិបាល ជាពិសេសការវិនិយោគលើមន្ទីរពេទ្យឯកជនឯកទេស និងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រពីប្រទេសជប៉ុន។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលធំធេងក្នុងការអភិវឌ្ឍវិស័យវេជ្ជសាស្ត្រ ជាពិសេសឯកទេសការព្យាបាលជំងឺបេះដូង ការវះកាត់ឆ្អឹង និងការអភិវឌ្ឍសាលាបណ្តុះបណ្តាលគិលានុបដ្ឋាកស្របតាមស្តង់ដាអន្តរជាតិ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានស្វាគមន៍ចំពោះគម្រោងផ្តល់ជំនួយបរិក្ខារវេជ្ជសាស្ត្រនានា រួមទាំងឧបករណ៍សង្គ្រោះបឋម និងសម្ភារប្រើប្រាស់ក្នុងមន្ទីរពេទ្យ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានរំលេចថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើនទំនុកចិត្តរបស់វិនិយោគិនបរទេស តាមរយៈការពង្រឹងបរិយាកាសវិនិយោគ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ដើម្បីធានាបានថា កម្ពុជាជាប្រទេសដែលមានសុវត្ថិភាព ស្ថិរភាព សន្តិភាព និងមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគទាំងក្នុងតំបន់ និងសកលលោក។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីសូមស្វាគមន៍ចំពោះគម្រោងវិនិយោគនានា និងបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តការគាំទ្រសម្របសម្រួល និងជំរុញឱ្យគម្រោងសហប្រតិបត្តិការទាំងនេះក្លាយជាសមិទ្ធផលជាក់ស្តែង។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក៏បានអញ្ជើញថ្នាក់ដឹកនាំក្រុមហ៊ុន និងវិនិយោគិនជប៉ុនមកទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ស្វែងយល់លម្អិតបន្ថែមពីសក្តានុពលវិនិយោគ និងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





