ក្រសួងអប់រំពិភាក្សាជាមួយគាគីកូរ៉េលើគម្រោងនៃការលើកកម្ពស់ការអប់រំកុមារតូចនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ -- គម្រោងនៃការលើកកម្ពស់ការអប់រំកុមារតូចនៅកម្ពុជា ត្រូវបានលើកយកមកពិភាក្សារវាងលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទីក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូនៃសាធារណៈរដ្ឋកូរ៉េ ដែលដឹកនាំដោយលោកស្រីបណ្ឌិត Chae Jin-Young សាស្ត្រាចារ្យនាយកដ្ឋានអប់រំកុមារតូចនៃសាកលវិទ្យាល័យជាតិប៊ូសាន កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមគោលបំណងពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលជំនាញក្នុងវិស័យអប់រំ ការថែទាំ ការគាំពារ និងការអភិវឌ្ឍកុមារតូច ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពសេវាអប់រំកុមារតូចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបពិភាក្សានេះ លោកជំទាវបណ្ឌិតរដ្ឋមន្ត្រីស្ដីទីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ និងមន្ទីរអប់រំនៃរដ្ឋបាលក្រុងប៊ូសាន ដែលបានផ្តល់ការគាំទ្រគម្រោងបច្ចេកវិទ្យាឌីជីថល និងបានផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ និងលោកគ្រូ អ្នកគ្រូកន្លងមកឆ្លើយតបតម្រូវការនៃការរៀនសូត្រនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ភាគីកូរ៉េក្នុងការរៀបចំគម្រោងលើកម្ពស់ការអប់រំកុមារតូចនៅកម្ពុជា ដែលបានបង្ហាញពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េកាន់តែរឹងមាំបន្ថែមទៀត រួមចំណែកអភិវឌ្ឍន៍គ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាញថែទាំ គាំពារ និងអភិវឌ្ឍន៍កុមារតូច ស្របតាមអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទីក្រសួងអប់រំ យុវជន និងកីឡាបានណែនាំនាយកដ្ឋានអប់រំកុមារតូច វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម បន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រតិភូកូរ៉េ ដើម្បីធានាការរៀបចំ និងអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ៕


ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





